អង្គការ PAFID ចូលរួមសម្របសម្រួលផ្តល់ឱកាសការងារជូនជនមានពិការភាពក្នុងពិព័រណ៌ការងារនិងផលិតភាពជាតិ
ភ្នំពេញ៖ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបត្យាប័ន ហៅកាត់ថា “PAFID”បានដាក់ស្តង់ពិព័រណ៌មួយក្នុងពិព័រណ៌ការងារនិងផលិតភាពជាតិ ដែលរៀបចំដោយ ទីភ្នាក់ងារជាតិនិងមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួលជួយដល់បងប្អូនជនមានពិការភាពទទួលបាននូវឱកាសចូលបំរើរការងារក្នុងបណ្តាសហគ្រាស ក្រុមហ៊ុន ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានា។
លោក ខេង វិរៈ នាយកប្រតិប័ត្តិ PAFID បានគូបញ្ជាក់ថា ក្នុងពិព័រណ៌រយៈពេល២ថ្ងៃនេះ អង្គការរបស់លោក គឺជាអ្នកជួយសម្របសម្រួលដល់បងប្អូនជនមានពិការភាពមកពីខេត្តគោលដៅមានដូចជា៖ជួយបងប្អូនបង្ហាញអំពីព័ត៌មាននានាពាក់ព័ន្ធនិងក្រុមហ៊ុននិងអង្គការ ដែលមកចូលរួមពិព័រណ៌ និងសម្របសម្រួមជួយលើការរៀបចំCVជូនបងប្អូនជនមានពិការភាពដែលជាការផ្តល់ភាពងារស្រួលសម្រាប់ពួកគាត់យកទៅដាក់តាមបណ្តាក្រុមហ៊ុននិងបណ្តាអង្គការ ជួយឱ្យបងប្អូនជនមានពិការភាពបានចូលបំរើរការងារជូចជនមិនមានពិការភាព។
លោក រិន សុភ័ក្ក ជនមានពិការភាពអាយុ៣៤ឆ្នាំ មកពីខេត្ត កំពង់ឆ្នាំ មានបទពិសោធន៍ការងារផ្នែកជំនួយការរដ្ឋបាលនិង គណន័យ បានឱ្យដឹងថា មូលហេតុដែលរូបលោក មកកាន់ស្តង់ពិព័រណ៌របស់អង្គការPAFIDនេះ ព្រោះលោកចង់បានការជួយសម្របសម្រួលពីអង្គការដើម្បីទទួលបានការងារល្អៗសមនិងសមត្ថភាព។
គួរឱ្យដឹងដែរថា អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបត្យាប័ន ហៅកាត់ថា “PAFID”បង្កើតឡើងនៅក្នុងប្រទេសកម្ពុជាមានរយៈពេល២០ឆ្នាំមកហើយ ។អង្គការមួយនេះ បានជួយសម្របសម្រួលរកការងារជួយដល់ជនមានពិភាពក្នុងមួយឆ្នាំៗជាច្រើនរយនាក់ បានចូលបំរើរការងារនៅក្នុងវិស័យការងារផ្សេងៗ។ ក្រៅពីនោះ អង្គាការក៏មានកម្មវិធីបណ្តុះបណ្តាលជំនាញផ្សេងៗជាច្រើនដល់ជនមានពិការភាព ដើម្បីទទួលបានឱកាសការងារ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីអំពី ពិការភាព និងចូលរួមសម្រេចឱ្យបានគោលដៅប្រកបដោយជ័យរភាពរបៀបវិរៈឆ្នាំ២០២៣០ មិនមាននណាម្នាក់ត្រូវគេបោះបង់ចោល។
សម្រាប់ព្រឹត្តិការណ៍ពិព័រណ៌ការងារនិងផលិតភាពជាតិរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្មនិងពិព័រណ៌កោះពេជ្រ ដែលរៀបចំដោយ ទីភ្នាក់ងារជាតិនិងមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ឱកាសការងារប្រមាណជា៣ម៉ឺនកន្លែង។ ក្នុងនោះមានការចូលរួមពី សហគ្រាស ក្រុមហ៊ុន ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន១៥០ ហើយមានស្តង់សរុបជាង១៨០ស្តង់៕
រូបភាព និងអត្ថបទ៖ជាវ ចន្ធូ