ស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមដង្ហែរអង្គកឋិនទានមហាសាមគ្គី នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន

ជប៉ុន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃខ្មែរ ចំនួន ៥អង្គ ក្នុងនោះនិមន្គពីវត្តបារមីគិរីខេមរាភ្នំបិតាធំចំនួន ២អង្គ នៃខេត្តកាណាហ្កាវ៉ា និងព្រះសង្ឃថៃ ១អង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ ។

កម្មវិធីអង្គកឋិនទាននេះបានប្រព្រឹត្តទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា និងបានធ្វើពិធីដង្ហែអង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានអមកឋិនផ្សេងៗ ព្រមទាំងបច្ច័យសង្កត់ត្រៃប្រគេនព្រះសង្ឃដើម្បីប្រើប្រាស់ជាប្រយោជន៍នៃព្រះពុទ្ធសាសនា។

បុណ្យកឋិនទានជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។

ការរៀបចំពិធីអង្គកឋិនទាននេះអាចប្រព្រឹត្តិទៅបានអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រទេសថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner