ក្រុមជម្រើសជាតិកីឡាបេស្បលកម្ពុជារំពឹងខ្ពស់នាំយកលទ្ធផលល្អជូនជាតិក្នុងព្រឹត្តិការណ៍2024 BFA EAST ASIAN CUPនៅប្រទេស ហ្វីលីពីន
ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាបេស្បលកម្ពុជាដឹកនាំដោយ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេស្បលអមដោយអគ្គលេខាធិការ និងគ្រូបង្វឹក ជប៉ុន លោក Takashi Matsuyoshi នាយប់ថ្ងៃទី២៦ ខែ តុលា បានចាកចេញពីប្រទេសកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍2024 BFA E AST ASIAN CUPនៅប្រទេស ហ្វីលីពីន ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី២៩ ខែ តុលា ដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៤។
ថ្លែងប្រាប់ទូរទស្សន៍អប្សរា មុនចេញដំណើរ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា ការចេញទៅប្រទេសហ្វីលីពីនលើកនេះ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាពិតជាមាសសារៈសំខាន់ខ្លាំងណាស់ ព្រោះជាការវាស់ស្ទុងកម្រិតបច្ចេកទេសនិងស្វែងរកបទពិសោធន៍ល្អៗ ដើម្បីត្រៀមខ្លួនចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។
លោក ឆែម ដារ៉ា បានបង្ហាការជឿជាក់ខ្ពស់ថា ក្រុមបេស្បលជម្រើសជាតិកម្ពុជានិងអាចនាំយកលទ្ធផលល្អមួយមកជូនជាតិ ដ្បិតជម្រើសជាតិបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អក្រោមការហ្វឹករបស់គ្រូជប៉ុនជួយធ្វើឱ្យបច្ចេកទេសនិងសមត្ថភាពរីកចំរើនខ្លាំង។
លោក Takashi Matsuyoshi គ្រូបង្គោលជម្រើសជាតិបេស្បល បានគូសបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ការដឹកនាំកូនក្រុមកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍2024 BFA EAST ASIAN CUPនៅប្រទេស ហ្វីលីពីនលើកនេះ លោកមានទំនុកចិត្ត និងមានក្តីសង្ឈឹមខ្លាំងក្នុងការប្រជែងដណ្តើមបានលទ្ធផលល្អមួយជូនកម្ពុជា ខណៈកូនក្រុមរបស់លោក មានការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។ លោក ប្តេជ្ញាចិត្តនិងដឹកនាំកូនក្រុមធ្វើការប្រកួតឱ្យបានល្អ ដើម្បីឆ្លងផុតវគ្គជម្រុះក្នុងពូលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ដោយឡែកកីឡាករ ពៅ ឧត្តម ប្រធានក្រុមជម្រើសជាតិបេស្បល បានប្តេជ្ញាចិត្តជាមួយមិត្តរួមក្រុម ប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាពប្រើប្រាសអស់បច្ចេកទេសដើម្បីបង្ហាញភាពខ្លាំងក្នុងការប្រកួតប្រជែងនាំយកជោគជ័យមកជូនកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍2024 BFA EAST ASIAN CUPនៅប្រទេសហ្វីលីពីន មាន៧ប្រទេស ដំណើរការប្រកួតចាប់ពីថ្ងៃទី២៩ ខែ តុលា ដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយកម្ពុជាស្ថិតនៅក្នុងពូលAមានកម្ពុជា ថៃ ម៉ាឡេស៊ី និងហុងកុង ខណៈពូល B មាន ៣ប្រទេស គឺ សង្ហបុរី ឥណ្តូនេស៊ី និងហ្វីលីនពីនម្ចាស់ផ្ទះ ៕
រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ