ពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យ បញ្ចប់ក្រោមក្តីសប្បាយរីករាយ

បន្ទាយមាន៖បន្ទាប់ពីដំណើរការដោយរលូន និងក្រោមស្នាមញញឹមពី​អ្នកចូលរួមយ៉ាងច្រើនកុះករ​រួចម​ក ពិធី​បុណ្យអុំទូក​ចំនួន​ពីរ​ថ្ងៃពីថ្ងៃ​ទី២៦និងទី២៧ ខែតុលា ឆ្នាំ២០២៤ នាដងស្ទឹងទឹកថ្លា ក្រុងសិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យបានបញ្ចប់ដោយម្នាក់ៗ
ដក់​ជាប់នូវក្តីសប្បាយរីករាយ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលអញ្ជើញចូលរួម​ជាអធិបតីក្នុងពិធីបិទបុណ្យអុំទូកកាលពីល្ងាចថ្ងៃទី២៧ ខែតុលា បានលើកឡើងពីព្រឹត្តិការណ៍​ប្រកបដោយស្នាមញញឹម ផ្សាភ្ជាប់​ជាមួយសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជា​កំពុង​ទទួលបាន ។លោកពណ៌នាថា ដូចជា​ពេល​នេះ​មាន​ប្រជា​ពល​រដ្ឋជិតឆ្ងាយ និងមក​ពីខេត្តដទៃ ព្រមទាំងទេសចរបរទេសចំនួន​ជាង​៤ម៉ឺននាក់ ​បានមក​ទស្សនាការ​ប្រណាំង​ទូក និងពិព័រណ៍​នានា ។នេះគឺជាចំនួនមួយ​ដ៏ច្រើន។

សូមជម្រាបថា ក្នុងពិធីអុំទូកឆ្នាំនេះដែរ ក៏មានរៀបចំការតាំងពិព័រណ៍ ភូមិមួយ​ ផលិតផលមួយ និងស្តង់ទំនិញទូទៅចំនួន ៧៤ ស្តង់ ដែលរៀបចំ​​នៅសួន​មាន​ជ័យ​ នៅមិនឆ្ងាយប៉ុន្មានពីទីប្រារព្ធ​ការ​ប្រណាំងទូក ។ដោយឡែកពេលរាត្រីមានការបណ្ដែត​ប្រទីប​របស់​រដ្ឋបាល​ខេត្ត ស្រុក មន្ទីរ អង្គភាពនានាចំណុះ​រដ្ឋបាលខេត្តចំនួន​៤០ផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ពិធីបុណ្យអុំ​មិនត្រឹមបង្កលក្ខណៈ​សប្បាយរីករាយដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែបាន​បង្កើន​ការថែ​រក្សា​ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ជាតិឱ្យគង់វង្ស ។

គណៈកម្មការរៀបចំបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ពិធីប្រណាំងទូក​ឆ្នាំនេះមានទូកចំនួន៣៥ទូកចូលរួម ។ការប្រកួតមានចម្ងាយ ៦ ៥០០ ម៉ែត្រ តាមបណ្ដោយដងស្ទឹងទឹកថ្លា ក្រុងសិរីសោភ័ណ ដោយ​ប្រកួតជ្រើសយកចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ។តាមរយៈការប្រកួតរយៈពេលពីរថ្ងៃ ទូកចំណុះ៧០នាក់ ចំណាត់​ថ្នាក់លេខ ១. ​បានទៅ​លើទូក​ឈ្មោះ សុវណ្ណរាជសីហ៍បារមី​បន្ទាយ​មហានគរ ។ លេខ២. ទូកឈ្មោះ ពិសីមានជ័យបារមី​ស្រីស្អាត​។

ចំណែកទូកចំណុះ ៤៥នាក់ ជ័យលាភីលេខ១. បានទៅលើទូកឈ្មោះ តេជោសែនជ័យបារមីមានរិទ្ធ ,លេខ២.ទូកឈ្មោះ ព្រះពន្លា​មានជ័យស្រីក្រឡេកញញឹម ។
រីឯទូកមានចំណុះ២២នាក់ ចំណាក់ថ្នាក់លេខ១. ទូកឈ្មោះ សន្ទុះនាគរាជសែនជ័យបារមីមានរិទ្ធ ,លេខ២.បាន​ទៅលើទូក​ឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ និងលេខ៣.ទូកឈ្មោះ​សន្ទុះនាគខ្មៅ។
ចំណែកទូកចំណុះ៥នាក់លេខ១.បានទៅលើទូកឈ្មោះបុរសសង្ហាមានជ័យបារមីភូមិតាទង់,លេខ២.ទូកកន្ទោងខៀវមានរិទ្ធិ  និងលេខ៣.ទូក​ឈ្មោះ​សុវណ្ណរតនាបុប្ផាព្រះពន្លា ៕


អត្ថបទនិងរូបភាព៖គៀន ច័ន្ទហ៊ីន

ads banner