គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស​ក្រុមប្រឹក្សា ក្រុងកំពង់សោម ខេត្តព្រះសីហនុ ឆ្នាំ២០២៥

(ភ្នំពេញ)៖អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​បានបើកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការប្រកាសផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.បបានថ្លែងក្នុងកិច្ចប្រជុំដែលបានរៀបចំឡើ ង នាព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ឱ្យដឹងថា៖កិច្ចប្រជុំនេះធ្វើឡើងដើម្បី ប្រកាសផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ ក្នុងការជ្រើសរើស​ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥,ការចុះឈ្មោះ​អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ,ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ,ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ,ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។

ឯកឧត្តមបានឱ្យដឹងដែរថា គ.ជ.ប បានដាក់ចេញនូវប្រតិទិន សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ ២០២៥ និងបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤។សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ខ.ប ត្រូវធ្វើចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវធ្វើ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤,ការឃោសនាបោះឆ្នោតមានរយៈពេល ៨ថ្ងៃ ដែលត្រូវចាប់ផ្តើមពីថ្ងៃ១៧ រហូតដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥,ការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅការិយា- ល័យបោះឆ្នោត ត្រូវធ្វើនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ជឺ ចំណាន បានថ្លែងដោយបញ្ជាក់ថា៖សម្រាប់សមាគម ឬអង្គការ មិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេត- មើលការ បោះឆ្នោតឡើងវិញ ដោយត្រូវដាក់ពាក្យសុំចុះឈ្មោះមក គ.ជ.ប ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិដែលមានបំណងចូលរួមសង្កេតមើលការបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ នៅ គ.ជ.ប ចាប់ពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖ អ្នកសារព័ត៌មានជាតិ ដែលមានបំណងចូលរួម យកព័ត៌មានក្នុងដំណើរការនៃការបោះ- ឆ្នោតឡើងវិញនេះ មានសិទ្ធិដាក់ ពាក្យសុំចុះឈ្មោះដោយផ្ទាល់ទៅ គ.ជ.ប ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ដោយឡែក អ្នកសារព័ត៌មានអន្តរជាតិ អាចដាក់ ពាក្យចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner