រាជរដ្ឋាភិបាល ខិតខំរក្សាឱ្យបាននូវសុខសនិ្តភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍បន្ថែមឥតឈប់ឈរ
(កណ្ដាល)៖ ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំរក្សាឱ្យបាន នូវសុខសនិ្តភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍បន្ថែមទៅមុខឥតឈប់ឈរ សំដៅធានាបាន នូវនិរន្តរភាពយូរអង្វែង សម្រាប់ទាំងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយទៀត ។
ឯកឧត្តម សួន ពិរុណ ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើដូច្នេះ ក្នុងឱកាសចូលរួមជាមួយលោកជំទាវ ឈុំ វត្តី តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើនទៀត បាននាំយកស្បង់ត្រ័យជីវរ ដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តលឹមពូលសាមគ្សារាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះ ឯកឧត្តម សួន ពិរុណ មានប្រសាសន៍ថា នៅឆ្នាំនេះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានមានសទ្ធាជ្រះថ្លា ធ្វើការដង្ហែរអង្គកឋិនទាន ទៅវេរប្រគេនព្រះភិក្ខុសង្ឃ ចំនួន ៨វត្ត ក្នុងនោះ សម្រាប់ខេត្តតាកែវ មាន ៣វត្ត ខេត្តកំពង់ស្ពឺ មាន ១វត្ត ខេត្តកណ្តាល មាន ៣វត្ត និងនៅរាជធានីភ្នំពេញ មាន ១វត្ត ដើម្បីប្រមូលបច្ច័យ ចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលនានា នៅក្នុងវត្តឱ្យកាន់តែប្រសើរឡើង ។
ឯកឧត្តម សួន ពិរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរដែនដីខេត្តកណ្ដាល កុំចាញ់ការញ៉ុះញង់របស់ជនអគតិ ហើយត្រូវបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សុវត្ថិភាពសាធារណៈ និងការកសាងអភិវឌ្ឍជាតិ ។
នៅក្នុងឱកាសនោះ ឯកឧត្តម សួន ពិរុណ និងលោកជំទាវ បាននាំយកបច្ច័យសង្កត់ត្រៃ ចំនួន ៥០លានរៀល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី និងបច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ចំនួន ២០លានរៀល សរុបបច្ច័យចំនួន ៧០លានរៀល និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនតាជីយាយជី ផងដែរ៕
ដោយ វណ្ណលុក