ឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ អញ្ជើញជាសហធិបតីក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំដែនដី
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះរៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីបច្ចេកទេសទទួលបន្ទុកលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងទាំងពីរ ជាច្រើនរូប។
កន្លងមក ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន រៀបចំសិក្ខាសាលា និងកិច្ចប្រជុំស្តីពីការពិនិត្យឡើង ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ននានាជាបន្តបន្ទាប់។ កម្មវិធីនាព្រឹកនេះ គឺជាលើកទី៨ ដែលក្រសួងមុខងារសាធារណៈ បានសហការរៀបចំ។
ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា សិក្ខាសាលានាព្រឹកនេះ មានគោលបំណងធំៗចំនួន៣ រួមមាន៖ ១)ការស្វែងយល់បន្ថែមអំពីដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងអំពីការបំពេញការងារ ការគាំទ្រ និងការជំរុញរវាងគ្នាក្នុងក្របខណ្ឌកំណែទម្រង់និងការពង្រឹងអភិបាលកិច្ច ២)ការពិភាក្សាគ្នាឱ្យបានស៊ីជម្រៅនិងច្បាស់លាស់អំពីដំណើរការនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ៣)ការផ្តល់គោលការណ៍ណែនាំតម្រង់ទិសពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពនៃការពិនិត្យនិងវិភាគឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម បានបន្ថែមថា ក្រសួងរៀបដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំប្រមែប្រមូលចងក្រងឯកសារគតិយុត្ត និងច្បាប់នានា ព្រមទាំងបានកំណត់មុខងារស្នូល និងមុខងារគាំទ្រនានារបស់ក្រសួង និងបានបំពេញតារាងនានាស្របតាមគោលការណ៍ និងគោលបំណងនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ បន្ថែមលើនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយ ក្រសួងមុខងារសាធារណៈដើម្បី ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមាណ៩០ភាគរយ។ ឯកឧត្តមបានបន្ថែម។
សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ មានការរៀបចំបទបង្ហាញចំនួន២គឺ៖ ១) ការបំពេញគ្នា ការគាំទ្រគ្នា និងជំរុញគ្នាក្នុងក្របខណ្ឌការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និង ២) និងដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដោយ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា