អតីតមេដឹកនាំហ្វីលីពីនផ្តល់សក្ខីកម្ម រឿងបង្ក្រាបគ្រឿងញៀនស្លាប់មនុស្ស៦,០០០នាក់
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានការពារយ៉ាងម៉ឺងម៉ាត់ ចំពោះសង្គ្រាមគ្រឿងញៀន ដ៏សាហាវរបស់លោក ខណៈដែលលោកបានផ្តល់សក្ខីកម្ម នៅឯសវនាការស៊ើបអង្កេត របស់ព្រឹទ្ធសភា នៅថ្ងៃចន្ទនេះ។
ប៉ូលិសបាននិយាយថា យុទ្ធនាការបង្ក្រាប បានធ្វើឱ្យមនុស្សជាង ៦,០០០ នាក់បានស្លាប់ ប៉ុន្តែ ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថា មានច្រើនជាងនេះ ហើយអ្នកក្រីក្រ ជារឿយៗ ត្រូវបានចោទ ដោយគ្មានភស្តុតាងថា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC កំពុងស៊ើបអង្កេត ដោយចោទប្រកាន់ថា ការសម្លាប់នេះគឺជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
លោក Duterte ក្នុងវ័យ ៧៩ឆ្នាំ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ បើកចំហថា «កុំចោទសួរពីគោលនយោបាយរបស់ខ្ញុំ ពីព្រោះខ្ញុំ មិនផ្តល់ការសុំទោស គ្មានការដោះសារ..ខ្ញុំស្អប់គ្រឿងញៀន សូមកុំធ្វើខុស»។
ក្នុងអំឡុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលលោកបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីឡើងកាន់តំណែង ក្នុងឆ្នាំ២០១៦ លោក Duterte បានបញ្ជាឱ្យប៉ូលីស បាញ់សម្លាប់ជនសង្ស័យ ប្រសិនបើមន្រ្តីជឿថា ពួកគេបង្កគ្រោះថ្នាក់។ មកដល់ពេលនេះ មានតែមន្ត្រីប៉ូលីសចំនួន ៩នាក់ប៉ុណ្ណោះ ដែលត្រូវបានកាត់ទោស ពីបទសម្លាប់ជនសង្ស័យ គ្រឿងញៀន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត