ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា​ដូចការំពឹងទុក ខណៈមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,០០០ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,០០០នាក់។

ឯកឧត្តមរដ្ឋលេខាធិការ គូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជា​តិឆ្នាំ២០២៤ ដែលបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំង​បង្ហាញ​ស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរ​ជាតិល្បីៗ ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្ស​និស្សិត សាធារណជនទូទៅ។ ក្នុងនោះដែរ យុវជនយ៉ាងច្រើនលើសលុបបានវាយ​តម្លៃខ្ពស់​លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថាជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃ​របស់ពួកគេផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ពិព័រណ៍ការងារ និងផលិតភាព​ជាតិឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមាន​ស្តង់​សរុបជាង ១៨០ ដែលបានដាក់តាំងបង្ហាញពីឱកាសការងារ​ហូតដល់​ជាង ៣ម៉ឺន​កន្លែ​ងនៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈបានទ​ទួលអ្នកដាក់​ពាក្យ​រកការងារធ្វើ (CV) ដោយផ្ទាល់ និងអនឡាញ សរុប ២១,៦៣៣ ប្រវត្តិរូប​ការងារ ក្នុងនោះមានអ្នកជាប់បឋមជាង ១០០០នាក់ ក្រោយបេក្ខជនបាន​ដាក់ពាក្យភ្លាម សម្ភាសភ្លាមនៅនឹងកន្លែងពិព៍រណ៌ការងារតែម្តង។
សម្រាប់បងប្អូនយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារដែលមិនបានចូលរួម​ហើយមានបំណងស្វែងរកការងារ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA បានតាមរយៈលេខ 077 232378 (Telegram និង CoolApp) ឬ លេខ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ 1297 ឬ 1286។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា អំឡុងពេល​ពីរថ្ងៃ​បន្ទាប់ពីបានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់​សេវា​សាធា​រណៈតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងពិព័រណ៍នេះ មានអ្នកចូលប្រើប្រាស់​ដើម្បី​សាកសួរព័ត៌មាន ចុះឈ្មោះ ប្រើប្រាស់សេវាសាធារណៈនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាសេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះ​រកការងារក្រៅប្រទេស, សេវាចុះឈ្មោះចូលរៀន TVET 1.5M និងទទួលបណ្តឹងអនាមិកសរុប ៣ បណ្តឹង។

ការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺដើម្បីបន្តរក្សាតុល្យភាព​ក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែរនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ត្រូវបានរៀបចំឡើង​ដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមា​គម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិ​ខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner