UN ព្រមានថា សង្គ្រាមនឹងផ្តាច់ជីវិតប្រជាជនហ្គាហ្សាភាគខាងជើងទាំងអស់
ហ្គាហ្សា : មន្ត្រីមនុស្សធម៌កំពូលរបស់អង្គការសហប្រជាជាតិ និយាយថា សង្គ្រាមដែលកងកម្លាំងអ៊ីស្រាអែល កំពុងបន្តធ្វើប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា គួរតែបញ្ឈប់ជាបន្ទាន់ បើមិនចង់ឃើញប្រជាជនហ្គាហ្សាភាគខាងជើងទាំងអស់ស្លាប់។
អគ្គលេខាធិការរងស្តីទី ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ លោកស្រី ចយ អឹមស៊ូយ៉ា បានព្រមានកាលពីសប្តាហ៍មុនថា ប្រជាជនទាំងមូលនៅភាគខាងជើង តំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងការបាត់បង់ជីវិតយ៉ាងខ្លោចផ្សារ។
លោកស្រី អឹមស៊ូយ៉ា និយាយថា មន្ទីរពេទ្យក្នុងតំបន់បានរងការវាយប្រហារ និងបុគ្គលិកសុខាភិបាលត្រូវបានឃុំខ្លួន ហើយអ្នកផ្តល់ជំនួយត្រូវបានរារាំងពីការជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្រោមគំនរផ្ទាំងថ្មបាក់បែក ចំពេលប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្តយ៉ាងក្តៅគគុក។
ដោយឡែកប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស ក៏បានព្រមានដូចគ្នានេះផងដែរ និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពដ៏ “មហន្តរាយ” នៅក្នុងតំបន់ហ្គាហ្សា ជាពិសេសលោកក៏បានលើកឡើងអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការថែទាំសុខភាពនៅក្នុងតំបន់។
យោងតាមមន្ត្រីសុខាភិបាលរបស់ប៉ាឡេស្ទីន បានឱ្យដឹងថា មនុស្សជាង ៤២,០០០នាក់ហើយត្រូវបានសម្លាប់ និងជិត ៩៧,០០០នាក់ទៀតបានរងរបួស ចាប់តាំងពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣។
ជាងមួយឆ្នាំនៅក្នុងជម្លោះនេះ ប្រហែល ៩០ភាគរយនៃចំនួនប្រជាជន ២.៣លាននាក់នៅតំបន់ហ្គាហ្សា បានបង្ខំចិត្តផ្លាស់ទីលំនៅ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ៕
ប្រភព : RT ប្រែសម្រួលដោយ : ឈឹម ទីណា