កម្ពុជា-ជប៉ុន រួមគ្នាចែករំលែកការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា
(ភ្នំពេញ)៖ ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៃប្រទេសជប៉ុន និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានសហការគ្នា សិក្ខាសាលា ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា (Emerging Digital Technology powered by JAPAN—Current State of Open RAN and Cybersecurity )។
សិក្ខសាលានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៃប្រទេសជប៉ុន គ្រឹះស្ថានសិក្សា និងវិស័យឯកជនសរុបប្រមាណ ១៥០ រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែក និងពង្រឹងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលថ្មី។
ប្រធានបទសំខាន់ៗ ធ្វើឡើងដោយអ្នកជំនាញមកពីក្រសួងទាំងពីរ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងសិក្ខាសាលានេះរួមមាន ទិដ្ឋភាពការគំរាមកំហែងតាមប្រព័ន្ធសាយប័រ និងតួអង្គការពារសាយប័រ, សក្តានុពលនៃបច្ចេកវិទ្យា Open RAN, ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា និងគំនិតផ្តួចផ្តើមនិងចូលរួមចំណែករបស់ JICA ក្នុងការអភិវឌ្ឍ និងសន្តិសុខតាមអ៊ីនធឺណិតនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល បានចង្អុលបង្ហាញនូវភាពចាំបាច់ក្នុងការគ្រប់គ្រងឱ្យបានលើហានិភ័យក្នុងលំហសាយប័រ និងការចាប់យកកាលានុវត្តភាពពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើនផលិតភាព ជំរុញពិពិធកម្ម បង្កើតនិងលើកកម្ពស់គុណភាពការងារ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា