រដ្ឋបាលរាជធានីភ្នំពេញបានជួសជុល តុបតែង កែលម្អ វិមានឯករាជ្យ សួនច្បារនានានិង បាញ់ ទឹកសំអាត រួចរាល់ដើម្បីត្រៀម រៀបចំខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ និងបុណ្យអុំទូក
(ភ្នំពេញ)៖ រដ្ឋបាល រាជធានីភ្នំពេញបានជួសជុល តុបតែង កែលម្អ លាបថ្នាំ និង ផ្លាស់ប្តូរអំពូលភ្លើង នៅវិមានឯករាជ្យ សួនបាញ់ទឹក វិមានឯករាជ្យ សួនច្បារ សួនកម្សាន្ត សម្រាប់ កុមារ រួចរាល់ ដែលមានសោភណ្ឌភាពស្រស់ស្អាត ដើម្បី ត្រៀម ពិធីបុណ្យ ព្រះរាជពិធីបុណ្យ ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី បុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ និង បែងចែក ក្រុមការងារ មន្ត្រីជំនាញ តាមផ្នែក ដើម្បី អនុវត្តការងារទៅ តាមមុខព្រួញផ្សេងៗធ្វើយ៉ាងណាឱ្យទាន់ព្រះរាជពិធី និង ពិធីបុណ្យ ជាបន្តបន្ទាប់គ្នានេះ ។
ជាក់ស្ដែងការងារ ជួសជុល កែលម្អ និង បាញ់ថ្នាំ នៅវិមានឯករាជ្យ ការជួសជុលកែលម្អ សួនច្បារជុំវិមាន ឯករាជ្យជួសជុលកែលម្អ និង ប្តូរអំពូលភ្លើងសួននាគបាញ់ទឹក វិមានឯករាជ្យ សួន កម្សាន្ត បាញ់ទឹកមុខវត្តបទុមវតីបានចាប់ផ្ដើមអនុវត្តកាលពីពាក់កណ្តាល ខែ កញ្ញា ២០២៤ មកដល់ពេលនេះបានរួចរាល់ហើយ ។
ចំណែកមន្ត្រីសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ក្រុមការងារ សាធារណការ បាននិង កំពុង លាបថ្នាំតាមគល់ឈើ លាបថ្នាំតាមខឿនចិញ្ចើមសួន កាត់តម្រឹម ស្មៅ ដើមផ្កា លាបថ្នាំ តាមចិញ្ចើម ច្រាំងទន្លេ លាបថ្នាំតាមបង់អង្គុយនៅតាមមាត់ ទន្លេជួសជុល ការ៉ូឡាតុបតែងភ្លើងពណ៌តាម ដើមឈើព្រមទាំង ពង្រាយបន្ទប់ទឹក និង បង្គន់អនាម័យ ពីផ្សារ រាត្រី ដល់សួនសម្តេច ហ៊ុន សែន ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋយើងដើរលេង កម្សាន្ត ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ