BYD បើកសារមន្ទីរតាំងបង្ហាញឡានថាមពលថ្មីដំបូងនៅចិន

ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានចិន BYD ថ្មីៗនេះបានប្រកាសបើកសម្ពោធសារមន្ទីរវិទ្យាសាស្ត្រថាមពលថ្មីជាផ្លូវការ ដែលមានឈ្មោះថា Di Space ស្ថិតនៅក្នុងទីក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន car news china។

BYD មិនបានបញ្ជាក់ពីការចំណាយទេ តែសារមន្ទីរនេះ នឹងតាំងបង្ហាញឡានម៉ូដែល NEV ដែលជាឡានថាមពលថ្មីដំបូងគេនៅក្នុងប្រទេសចិន ហើយវាត្រូវបានរចនាឡើងបញ្ចូលគ្នារវាងវប្បធម៌ និងបច្ចេកវិទ្យាឡាន ដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយសម្រាប់អ្នកទស្សនា។

ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់សារមន្ទីរ Di Space មានទំហំ ១៥,០០០ម៉ែត្រការ៉េ ហើយចែកចេញជា៤ជាន់ ដែលជាន់នីមួយៗត្រូវបានកែច្នៃដោយផ្ដោតលើផ្នែកខុសៗគ្នាមានដូចជា៖ ជាន់ទី១ បង្ហាញពីប្រវត្តិនៃឧស្សាហកម្ម NEV ក្នុងប្រទេសចិន។

ជាន់ទី២ បង្ហាញដំណើរការផលិត និងវិស្វកម្មឡាន BYD។ ជាន់ទី៣ តាំងបង្ហាញបច្ចេកវិទ្យា Blade Battery និង DM-i ជំនាន់ទី៥។ ជាន់ទី៤ ជាតំបន់អន្តរកម្មដែលអនុញ្ញាតឱ្យសិស្សអាចសិក្សា និងអនុវត្តបាន។

សារមន្ទីរ Di Space មានផ្លាហ្សា ឬបរិវេនខាងក្រៅអគារចំនួនមួយ ដែលមានទំហំ ៨,៥០០ម៉ែត្រការ៉េ និងកន្លែងរៀបចំព្រឹត្តិការណ៍ផ្សេងៗមានទំហំ ៣៦០ម៉ែត្រការ៉េ។

ការបើកដំណើរការសារមន្ទីរនេះ មានគោលបំណងផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយ ដែលអនុញ្ញាតឱ្យពួកគេស្វែងយល់ពីវិស័យយានយន្តថាមពលថ្មី ជាពិសេសជំរុញការយល់ដឹងអំពីឡានម៉ូដែល NEV និងពង្រើកការផ្សព្វផ្សាយពីឡាននេះក្នុងកម្រិតថ្នាក់ជាតិ៕

ប្រភព៖ carnewschina ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner