អ្នកវិទ្យាសាស្រ្តរកឃើញត្រីឆ្លាមមានអាយុវែងបំផុតលើពិភពលោកជាង ៥០០ឆ្នាំ
កូប៉ិនហាក ៖ អ្នកជីវវិទូសមុទ្ររកឃើញត្រីឆ្លាម Greenland មានអាយុកាលជាង ៥០០ឆ្នាំ នៅសមុទ្រអាត្លង់ទិកខាងជើង ខណៈការឃើញនេះបានបំបែកកំណត់ត្រាពីមុន ដែលកាន់កាប់ដោយត្រីបាឡែន Bowhead ដែលមានអាយុកាល ២១១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន the brighter side។
ការរកឃើញនេះ ធ្វើឱ្យត្រីឆ្លាម Greenland មានប្រវែងជិត ៥ម៉ែត្រ ក្លាយជាប្រភេទសត្វឆ្អឹងកងដែលរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក។ លោក Julius Nielsen ជាអ្នកជីវវិទូសមុទ្រនៅសកលវិទ្យាល័យកូប៉ិនហាក ប្រទេសដាណាម៉ាក បានដឹកនាំក្រុមស្រាវជ្រាវ ដែលបង្កើតការរកឃើញដ៏អស្ចារ្យនេះ។
ផ្អែកតាមមធ្យោបាយបែបវិទ្យាសាស្ត្រមួយ អ្នកជីវវិទូសមុទ្របានប្រើប្រាស់បច្ចេកវិទ្យា “radiocarbon dating” ឬ “carbon-24 dating” ដើម្បីវាស់ស្ទង់អាយុកាលរបស់ត្រីឆ្លាម Greenland ហើយរកឃើញថា វាពិតជាមានអាយុកាលចន្លោះពី ២៧១ឆ្នាំដល់ជាង ៥០០ឆ្នាំ។
សម្រាប់បច្ចេកវិទ្យានេះ ត្រូវបានអ្នកជំនាញអះអាងថា អាចវាស់ស្ទង់អាយុត្រីឆ្លាមបានប្រាកដរហូតដល់ទៅ ៩៥ភាគរយឯណោះ និងធ្លាប់ត្រូវបានគេយកមកពិសោធន៍លើត្រីឆ្លាមដទៃទៀតរាប់សិបក្បាលមកហើយ។
ត្រីឆ្លាម Greenland ជាប្រភេទសត្វមានឆ្អឹងកង ដែលមានអាយុរស់រានយូរជាងគេ ក្នុងចំណោមសត្វមានឆ្អឹងកងដទៃទៀត រួមមានអំបូរមនុស្សជាដើម។
សាច់របស់វា ត្រូវបានគេនិយមយកមកបរិភោគនៅប្រទេសអ៊ីស្លង់ ប៉ុន្តែមានផ្ទុកនូវសារធាតុគីមីម៉្យាង ហៅថា Toxic ដែលអាចបណ្តាលឲ្យអ្នកទទួលទាន មានអារម្មណ៍មិនស្រួលខ្លួន ប្រៀបដូចអ្នកស្រវឹងស្រាជោគជាំដែរ៕
ប្រភព៖ the brighter side ប្រែសម្រួលដោយ៖ ឈឹម ទីណា