ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ការរួមគ្នាបរិច្ចាគឈាម គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាចូលរួមក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិតក្រោមម្លម់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព ។

ក្នុងឱកាសអបអរសាទរខួប១ឆ្នាំនេះ នៃការបើកដំណើរការមន្ទីរពេទ្យ ឯកឧត្តសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របនឹងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។

ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ ។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួន ក្នុងវិស័យសុខាភិបាល ដើម្បីទ្រទ្រង់សភាពការណ៍ ក្នុងករណីមានគ្រោះមហន្ដរាយដែលកើតឡើងជាយថាហេតុ ដូចខាងក្រោម៖

  • មន្ទីរពេទ្យគ្រប់កម្រិត ត្រូវត្រៀមរៀបចំក្នុងការព្យាបាលជំងឺឆ្លង ដែលអាចកើតឡើងជាយថាហេតុ ជាមួយមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចៀសវាងអ្នកជំងឺទៅពង្រាយតាមមន្ទីរពេទ្យនានា និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារជារាល់ឆ្នាំ ដោយធ្វើហាត់សមជាមួយគ្នាឱ្យបានទៀងទាត់
  • ត្រៀមរៀបចំផ្គត់ផ្គង់សម្ភារបរិក្ខារ ដើម្បីឆ្លើយតបគ្រោះមហន្ដរាយដែលអាចកើតមានឡើងជាយថាហេតុ
  • ត្រូវគ្រប់គ្រងការទទួលអ្នកជំងឺឆ្លងមកពីមន្ទីរពេទ្យនានា ដោយសហការជាមួយនឹងក្រុមជំនាញឯកទេស ពីមន្ទីរពេទ្យជាតិផ្សេងៗ ដោយបង្កើតក្រុមជំនាញគាំទ្រព្យាបាលទៅតាមឯកទេស
  • ធ្វើកិច្ចសហប្រតិបត្តិការជាមួយអន្ដរក្រសួងដែលពាក់ព័ន្ធរួមមាន សន្ដិសុខ ព័ត៌មានវិទ្យា អាជ្ញាធរ ភ័ស្ដុភារ និងផ្នែកពាក់ព័ន្ធនានា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការរួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិតក្រោមម្លប់សន្ដិភាព គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ហើយក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ដែលមានសន្ដិភាពពេញលេញ។

ក្នុងនោះដែរ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួន ៣៩រូប ដែលក្នុងនោះរួមមាន៖ មេដាយមាសការងារ ចំនួន ១រូប មេដាយប្រាក់ការងារ ចំនួន ៣រូប និងមេដាយសំរិទ្ធការងារ ចំនួន៣៥រូប ដែលមានស្នាដៃ និងដើម្បីជាការរលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner