ប្រេះកញ្ចក់យន្តហោះប៊ូអ៊ីងដឹកមនុស្ស២៥០នាក់
បរទេស៖ នៅថ្ងៃចន្ទនេះ យន្តហោះ ប្រភេទ Boeing 777-300ER នៃ ជើងហោះហើរ SQ636 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ហៅកាត់ SIA ដែលប៉ុងឆ្ពោះទៅកាន់ទីក្រុងតូក្យូ បានបង្វែរទិស ទៅចុះចតបន្ទាន់ ទៅទីក្រុងតៃប៉ិ វិញ ដោយសារតែកញ្ចក់យន្តហោះបានប្រេះ នៅពាក់កណ្តាលផ្លូវ។
អ្នកនាំពាក្យ SIA បានឲ្យដឹងថា អ្នកដំណើរ ២៤៩នាក់ និង បុគ្គលិកបម្រើសេវា ១៧ នាក់ មានវត្តមាន នៅលើយន្តហោះ ដែលបានហោះចាកចេញពីអាកាសយានដ្ឋាន Changi នៅម៉ោងជាង១១យប់ថ្ងៃអាទិត្យ ហើយគ្រោងនឹងចុះចត នៅអាកាសយានដ្ឋាន Haneda របស់ជប៉ុន នៅម៉ោង ៦.២០នាទី ព្រឹកថ្ងៃចន្ទនេះ។ ប៉ុន្តែ កញ្ចក់បានប្រេះ បង្ខំចិត្តត្រូវបង្វែរ ទៅអាកាសយានដ្ឋានអន្តរជាតិ Taoyuan នៅទីកុ្រងតៃប៉ិ ដោយបានបានចុះចត ដោយចៃដន្យ នៅម៉ោងប្រហែល៤ព្រឹក។
ជើងហោះហើរត្រូវបានប្តូរ ទៅជើងហោះហើរផ្សេង ហើយគ្រោងនឹងទៅដល់ជប៉ុន នៅថ្ងៃអង្គារនេះ ដោយពន្យារពេលប្រហែល១៨ម៉ោង។
អ្នកនាំពាក្យ SIA សុំទោស ប៉ុន្តែ មិនបានបញ្ជាក់ពីមូលហេតុ លម្អិតនៃការនាំឲ្យប្រេះកញ្ចក់នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត