រដ្ឋបាលខេត្តកំពតរៀបចំពិធីថ្វាយព្រះពរខួបលើកទី២០ នៃការយាងគ្រងរាជសម្បត្តិព្រះមហាក្សត្រ
កំពត៖ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជារាស្ត្រខេត្តកំពតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤ បានរៀបចំពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរម សិរីរាជសម្បត្តិ របស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ។
ពិធីនេះមានការអានលិខិតថ្វាយព្រះពរមានខ្លឹមសារសំខាន់ៗថាយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការ ថ្វាយចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមសម្តែង ថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យ និងព្រះរាជសកម្មភាពប្រកបដោយ ព្រះគុណធម៌ ព្រះមនុស្សធម៌ របស់ព្រះអង្គក្នុងវិស័យសង្គមកិច្ច សុខុម សុខុមាលភាព អប់រំសិក្សាធិការ ព្រះពុទ្ធសាសនា ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដែលជាព្រះរាជសកម្មភាពយ៉ាងធំធេងក្នុងការដោះស្រាយ ទុក្ខលំបាករបស់ប្រជារាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការស្តារអភិវឌ្ឍប្រទេសជាតិឱ្យមានសន្ទុះរីកចម្រើន ជឿនលឿន ថ្កុំថ្កើង រុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ៕
ដោយ៖ សិលា សារិន