រដ្ឋបាលខេត្តកំពង់ធំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨
កំពង់ធំ៖ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៨ ខែតុលាមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” រយៈពេល ៩ ខែ ឆ្នាំ ២០២៤។
ចំណែកឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបញ្ជាក់ក្នុងឳកាសនេះថា កម្លាំងប្រជាការពារមិនអាចខ្វះបានក្នុងការសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។
ឯកឧត្តម អ៊ុត សំអន បានប្រាប់កិច្ចប្រជុំថា គោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ពីឆ្នាំ ២០២៤ ដល់ ២០២៨ គឺជាជំហានយុទ្ធសាស្ត្រដែលក្រសួងមហាផ្ទៃត្រូវអនុវត្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅមូលដ្ឋាន។ឯកឧត្តមបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររួមមាន៖ ១-សេចក្ដីផ្ដើម, ២-ក្របខ័ណ្ឌយុទ្ធសាស្ត្រ, ៣-សកម្មភាព, ៤-យុទ្ធសាស្ត្រសម្រាប់អនុវត្តផែនការ, ៥-យន្តការសម្រាប់អនុវត្ត, ៦-ការពិនិត្យវាយតម្លៃ, ៧-ការគ្រប់គ្រងហានិភ័យ, ៨-ការប៉ាន់ស្មានថវិកានិង ៩-សន្និដ្ឋាន៕
ដោយ ៈប៊ុន រដ្ឋា