សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងបោះជំរំប្រចាំឆ្នាំ២០២៤ នៅស្រុកសំឡូត

បាត់ដំបង៖ “ យុវតីយើង អនាគតអ្នកដឹកនាំយើង” ជាប្រធានបទ​សម្រាប់​សមាគមកាយឫទ្ធិនារីកម្ពុជាសាខា​ខេត្ត​បាត់ដំបង បានរៀប​ចំកម្មវិធីជួបជុំការបោះជំរំប្រចាំឆ្នាំរបស់ខ្លួនដែលប្រព្រឹត្តទៅនៅស្រុកសំឡូត ខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះ។

ពិធីបោះជំរំប្រចាំឆ្នាំរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខា​ខេត្តបាត់​ដំបងបានដំណើរការរយៈពេល៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦​ដល់ថ្ងៃ​ទី២៩ ខែតុលានៅក្នុងរីសតហែបភីណែស​ឡុងប្រ៊ីត នៃស្រុកសំឡូត ។សកម្មភាពចម្បងៗ នៅក្នុងការបោះជំរំ បានផ្ដោត​លើសកម្មភាព​ការងារជាក្រុម,ការកម្សាន្ត ការរៀនពីបំណិនជីវិត ការបណ្ដុះស្មារតី​ជាក្រុម និងការដឹកនាំ និងចុងក្រោយគឺ​ការយល់​ដឹងអំពីអត្ថន័យនៃ​ការដុតភ្លើងគប់ជំរំ។

ការបោះជំរំនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ។

លោកស្រី កែវ ដាណា ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារី​កម្ពុជា​សាខា​ខេត្តបាត់ដំបងបានឱ្យដឹងថា ​សមាគមកាយឫទ្ធិនារី​កម្ពុជាសាខាខេត្តបាត់ដំបងមានសមាជិកគាំទ្រ ចំនួន៨០រូប និងសមាជិកសកម្ម និងគ្រូបង្គោលសរុបចំនួន១២០រូប។ពួក​គេបានរួមគ្នា បំពេញការងារស្របតាមទស្សនៈវិស័យបេសកកម្ម និងទិសដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ នូវថាមពលកុមារី យុវតី ឱ្យក្លាយទៅជាពលរដ្ឋល្អ ដែលមានទំនួលខុសត្រូវខ្ពស់ ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ របស់ខ្លួន។លោកស្រីបានបន្តថា ក្នុងរយៈពេល​មួយឆ្នាំកន្លងមកនេះ សាខាខេត្តបាត់ដំបង បានរៀបចំនូវកម្មវិធីជាច្រើន ក្នុងនោះមាន កម្មវិធីអប់រំបណ្ដុះបណ្ដាល,កម្មវិធីបរិស្ថាន,កម្មវិធីសិល្បៈ​ហត្ថកម្ម,កម្មវិធីសុខភាពនិងសុវត្ថិភាព និងកម្មវិធីចូលរួមសកម្មភាព​ផ្សេងៗ។ លើសពីនេះសមាជិកាសកម្មរបស់សាខាខេត្ត ក៏បានទទួល​នូវឱកាសក្នុងការចូលរួមកម្មវិធីជាអន្តរជាតិនានា នៅក្រៅប្រទេស​ផង​ដែរ ។

លោកស្រី កែវ ដាណា បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជានៅក្នុងឆ្នាំ២០២៤នេះសាខាខេត្តបាត់ដំបងបានទទួលនូវកិត្តិយស​រៀបចំ​ការបោះជំរំប្រចាំឆ្នាំ​នៅលើទឹកដីនៃខេត្តរបស់ខ្លួនផ្ទាល់។

ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន​បង្ហាញក្ដីសង្ឃឹមថា​សម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត​ខាង​មុខសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង នឹងធ្វើការបោះ​ជំរំរបស់ខ្លួនជាលក្ខណៈ​ទ្រង់ទ្រាយធំ​និងដោយមានការ​ចូលរួម​ពីយុវតី កាន់តែច្រើនឡើង ខណៈគោលបំណងនៃការបោះ​ជំរំនេះ គឺដើម្បី​ពង្រឹងប្រាជ្ញាស្មារតី និងភាពក្លាហានរបស់យុវតីដើម្បីឱ្យ​ក្លាយជាអ្នក​ដឹកនាំបន្តវេន ព្រមទាំងផ្ដល់នូវឱកាស ឱ្យយុវតីបាន​យល់ដឹងបន្ថែម​ទៀត អំពីរបៀបរស់នៅជាមួយនឹងធម្មជាតិ បំណិន​ជីវិត ការធ្វើការងារ​ជាក្រុម និងទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីយកមកអភិវឌ្ឍ​ខ្លួន៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

ads banner