អាមេរិក ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ីមានដល់១ម៉ឺននាក់

បរទេស ៖ សហរដ្ឋអាមេរិកបានបង្កើនការប៉ាន់ស្មានរបស់ខ្លួន អំពីចំនួនកងទ័ពកូរ៉េខាងជើង មានវត្តមាននៅរុស្ស៊ី កើនឡើងបីដង បើធៀបនឹងលើកមុន ពោលគឺពីជាង៣,០០០នាក់ កើនដល់ ១០,០០០នាក់។

លោកស្រី Sabrina Singh អនុលេខាធិការផ្នែកសារព័ត៌មាន របស់មន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា «អាមេរិកជឿថា កូរ៉េខាងជើងបានបញ្ជូនទាហានសរុបប្រហែល១ម៉ឺននាក់ ទៅហ្វឹកហាត់ នៅភាគខាងកើតរុស្ស៊ី ដែលប្រហែលជានឹងបង្កើនកម្លាំងរុស្ស៊ី នៅក្បែរនឹងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខាងមុខនេះ» ។ ការណ៍នេះ នាំឲ្យទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យសម្ព័ន្ធយោធាអន្តរជាតិណាតូ និងសហភាពអឺរ៉ុប ប្រុងប្រយ័ត្នអំពីភាពដ៏គ្រោះថ្នាក់នៃសង្រ្គាម នៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង អាចនឹងដាក់ពង្រាយទាហានរបស់ខ្លួន រហូតដល់ ១២,០០០នាក់ ក្នុងពេលឆាប់ៗនេះ។

ក្រុងព្យុងយ៉ាង និង ក្រុងម៉ូស្គូធ្លាប់បានចុះហត្ថលេខា លើកតិកាសញ្ញាការពារគ្នា ទៅវិញទៅមក ហើយត្រូវបានគេជឿជាក់ យ៉ាងទូលំទូលាយថា កូរ៉េខាងជើងត្រូវផ្តល់អាវុធដល់រុស្ស៊ី ប៉ុន្តែ បើទាហានកូរ៉េខាងជើង នៅលើដីរុស្ស៊ីទៀតនោះ នឹងបង្ហាញពីភាពតានតឹងក្នុងជម្លោះ កាន់តែខ្លាំង។

យ៉ាងណាមិញ ទាំងកូរ៉េខាងជើង និងរុស្ស៊ី ពុំទាន់ទទួលស្គាល់ នៅឡើយទេ ជុំវិញភាពចម្រូងចម្រាស់រឿងវត្តមានទាហានកូរ៉េខាងជើងនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner