ប្រមុខណាតូ ៖ ទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើងជាការគំរាមកំហែងដល់សន្តិសុខទាំងឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុប-អាត្លង់ទិក

អគ្គលេខាធិការអង្គការណាតូថ្មី លោក Mark Rutte បានគូសបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទំនងជាមិនអាចទ្រាំទ្រការធ្វើសង្គ្រាមជាមួយអ៊ុយក្រែនដោយគ្មានជំនួយបានទេ។

លោក Mark Rutte កាលពីថ្ងៃចន្ទនិយាយថា ទាហានកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់ភាគខាងលិចនៃប្រទេសរុស្ស៊ី ហើយបើតាមការអះអាងរបស់មន្រ្តី ទាហានទាំងនោះមានចំនួនប្រហែល ១ម៉ឺននាក់ ដាក់ពង្រាយនៅក្នុងតំបន់ Kursk ជាតំបន់ដែលរងការវាយប្រហារពីកងកម្លាំងអ៊ុយក្រែន។

លោក Rutte បន្ថែមថា កិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិសុខទាំងឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុប-អាត្លង់ទិក ហើយថា វាក៏បំផ្លាញសន្តិភាពនៅលើឧបទ្វីបកូរ៉េ និងដុតបញ្ឆេះភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ប្រមុខអង្គការណាតូរូបនេះបានហៅការដាក់ពង្រាយទាហានកូរ៉េខាងជើងថា ជា “ការពង្រាយកងទ័ពដ៏គ្រោះថ្នាក់” នៃសង្រ្គាម ដោយលោកបានអំពាវនាវឲ្យរុស្ស៊ី និងកូរ៉េខាងជើងបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។

សហរដ្ឋអាមេរិកនឹងមិនដាក់កំហិតជាថ្មីណាមួយលើអ៊ុយក្រែន សម្រាប់ការប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើកងទ័ពកូរ៉េខាងជើងចូលរួមនៅក្នុងសង្រ្គាមអ៊ុយក្រែនដែរ បន្ទាប់ពីណាតូបញ្ជាក់ថា កងទ័ពកូរ៉េខាងជើងត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kurst នៅក្នុងប្រទេសរុស្ស៉ី។ នេះជាការបញ្ជាក់របស់មន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner