យន្តហោះបញ្ជូនជំនួយសង្គ្រោះ ទៅជូនអ្នកម្តាយលីបង់
បរទេស៖ យន្តហោះសង្គ្រោះចំនួនពីរគ្រឿង មកពីប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានចុះចត នៅទីក្រុង Beirut ប្រទេសលីបង់ សម្រាប់ជួយដល់អ្នកម្តាយជនជាតិលីបង់ ពីកម្មវិធី «Mother of the Nation» ឬ មាតានៃប្រជាជាតិ។
យន្តហោះនីមួយៗផ្ទុកទៅដោយ ជំនួយផ្គត់ផ្គង់ ៤០តោន សម្រាប់ស្ត្រីលីបង់ ដែលទទួលរងពីផលវិបាកនៃជម្លោះ ដែលកំពុងបន្តមានរវាងអ៊ីស្រាអែល និងពួកហេបូឡាស។
សារអមជាមួយ ការបរិច្ចាគពី «មាតានៃប្រជាជាតិ» បានរៀបរាប់ថា «អ្នកម្តាយលីបង់ ជាទីស្រឡាញ់ បេះដូងរបស់យើង នៅជាមួយអ្នកគ្រប់កាលៈទេសៈ និងពេលវេលា។ អេមីរ៉ាត់ អារ៉ាប់រួម នៅតែ នៅជាមួយប្រទេសលីបង់ ដោយសង្ឃឹមថា នឹងមានស្ថិរភាព និងសន្តិសុខ»។
ជំនួយការ រដ្ឋមន្ត្រីក្រសួងការបរទេស សម្រាប់ការអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ និងជាសមាជិកក្រុមប្រឹក្សាមនុស្សធម៌ និងសប្បុរសធម៌អន្តរជាតិនេះ បានសង្កត់ធ្ងន់ លើការយកចិត្តទុកដាក់ ពីសំណាក់ភរិយាទី៣ របស់ស្ថាបនិក អេមីរ៉ាត់ អារ៉ាប់រួម ក្នុងការគាំទ្រស្ត្រី នៅប្រទេសលីបង់៕
ប្រភពពី Khaleej Times ប្រែសម្រួល៖ សារ៉ាត