គម្រោងផ្លូវដែកធំបំផុតក្នុងពេល ១០០ឆ្នាំ តម្លៃ ៦ពាន់លានដុល្លារ នឹងតភ្ជាប់ប្រទេសប៉ាល់ទិកចំនួន៥

វ៉ាសូវី ៖ គម្រោងសាងសង់ផ្លូវរថភ្លើងដ៏ធំមួយ មានតម្លៃជិត ៦ពាន់លានដុល្លារ នឹងលាតសន្ធឹងក្នុងចម្ងាយផ្លូវមិនគួរឱ្យជឿ គឺដល់ទៅជាង ៨៦៩គីឡូម៉ែត្រឯណោះ ដែលវានឹងតភ្ជាប់ប្រទេសប៉ាល់ទិកចំនួន៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Express។

គំនិតផ្តួចផ្តើមខ្នាតយក្សនេះ មានឈ្មោះថា Rail Baltica នឹងតភ្ជាប់ពីទីក្រុងវ៉ាសូវី នៃប្រទេសប៉ូឡូញ ទៅកាន់ទីក្រុងតាលិន នៃប្រទេសអេស្តូនី ដោយឆ្លងកាត់ប្រទេសឡេតូនី, លីទុយអានី និងហ្វាំងឡង់។

បច្ចុប្បន្នគម្រោងផ្លូវដែកដែលកំពុងស្ថិតក្រោមដំណើរការសាងសង់នៅប្រទេសលីទុយអានីនេះ គ្រោងនឹងបើកដំណើរការមួយផ្នែកនៅឆ្នាំ២០២៨ ហើយចាប់ផ្តើមផ្តល់សេវាកម្មដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញពេញលេញនៅឆ្នាំ២០៣០។

គម្រោង Rail Baltica បង្កើតឡើងក្នុងគោលបំណងរួមបញ្ចូលបណ្តាញផ្លូវដែករបស់រដ្ឋបាល់ទិក ទៅក្នុងបណ្តាញសហភាពអឺរ៉ុបដ៏ធំទូលាយ ហើយនឹងក្លាយជាផ្លូវរថភ្លើងស្តង់ដារខ្នាតធំដំបូងគេនៅក្នុងតំបន់នេះ។

គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះទៀតសោត ត្រូវបានគេរំពឹងថា នឹងជួយជំរុញវិស័យទេសចរណ៍ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងឆ្លងកាត់ព្រំដែនកាន់តែប្រសើរឡើង ពីព្រោះវាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់បាល់ទិកដ៏ធំបំផុតក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ៕

ប្រភព៖ Daily Express ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner