សង្ស័យ Elon Musk ធ្លាប់ជាជនអន្តោប្រវេសន៍ធ្វើការខុសច្បាប់

បរទេស ៖ ជារឿងកម្រនឹងឮ លោក Elon Musk ពិភាក្សាអំពីព័ត៌មានលម្អិត នៃការធ្វើអន្តោប្រវេសន៍ផ្ទាល់ខ្លួន របស់លោក ប៉ុន្តែ កាលពីចុងសប្តាហ៍ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានបង្ហាញខ្លះៗ ក្រោយមានការសង្ស័យថា លោកធ្លាប់ធ្វើការខុសច្បាប់ ក្នុងនាមជាជនអន្តោប្រវេសន៍ នេះបើតាម CNN។

នៅក្នុងការប្រកាស ជាបន្តបន្ទាប់ នៅលើវេទិកា X បន្ទាប់ពីកាសែត Washington Post បានរាយការណ៍ថា លោក Musk បានចាប់ផ្តើមអាជីពរបស់ខ្លួន ធ្វើការដោយខុសច្បាប់ នៅសហរដ្ឋអាមេរិក នៅពេលដែលលោកមានវត្តមាន នៅតំបន់ Silicon Valley ជាការចាប់ផ្តើម នៅទសវត្សរ៍ ឆ្នាំ១៩៩០។

កាសែតនេះ បានលើកឡើងអំពីកំណត់ត្រារបស់តុលាការ ឯកសារក្រុមហ៊ុន និងអតីតសហការីអាជីវកម្ម រួមទាំង អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុននានា ដោយអះអាងថា អ្នកវិនិយោគមានការព្រួយបារម្ភថា Musk អាច​ត្រូវនិរទេស។

Musk មិនបានឆ្លើយតប ទៅនឹងសំណើរបស់ CNN សម្រាប់ការធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ។ លោកក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់ CNN សម្រាប់ការធ្វើអត្ថាធិប្បាយ អំពីការកត់សម្គាល់ ដែលលោកធ្លាប់បានពិពណ៌នា អំពីស្ថានភាពអន្តោប្រវេសន៍ពីមុន របស់លោកនៅ «តំបន់ពណ៌ប្រផេះ» នោះដែរ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ដែលមានវីដេអូផ្សព្វផ្សាយ របស់លោកប្រធានាធិបតី Biden យោងលើការអះអាងរបស់របាយការណ៍ Washington Post លោក Musk បានបដិសេធថា លោកមិនបានធ្វើការ ដោយគ្មានការអនុញ្ញាតទេ។ លោក Musk បានសរសេរទៀតថា «តាមពិត ខ្ញុំត្រូវបានអនុញ្ញាត ឱ្យធ្វើការ នៅសហរដ្ឋអាមេរិក» ហើយលោកបានចោទប្រកាន់ លោក Biden ពីការនិយាយកុហក។

លោក Musk បានពណ៌នាអំពីទិដ្ឋាការចំនួនពីរ ដែលលោកធ្លាប់មាន។ លោកថា «ខ្ញុំស្ថិតនៅក្នុងទិដ្ឋាការ J-1 ដែលបានប្តូរទៅ H1-B..ពួកគេដឹងរឿងនេះ ព្រោះពួកគេមានកំណត់ត្រារបស់ខ្ញុំទាំងអស់ ..ការចាញ់ឆ្នោតកំពុងធ្វើឲ្យពួកគេ អស់សង្ឃឹម»។ ប៉ុន្តែអ្នកជំនាញបានប្រាប់ CNN ថា ព័ត៌មានទាំងនោះ បានលេចចេញនូវ ចម្ងល់ជាច្រើនទៀត ដែល Musk មិនបានឆ្លើយទេ។ ទិដ្ឋាការ J-1 គឺសម្រាប់ភ្ញៀវទេសចរផ្លាស់ប្តូរ និងអាចត្រូវបានប្រើសម្រាប់និស្សិតបរទេស ដើម្បីបន្តការបណ្តុះបណ្តាល ឬ ការស្រាវជ្រាវ។ វាទាមទារកម្មវិធីឧបត្ថម្ភ ដូចជា ពីសាកលវិទ្យាល័យ ជាដើម។ H-1B គឺជាទិដ្ឋាការការងារបណ្តោះអាសន្ន សម្រាប់មុខរបរពិសេស៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner