ការប្រកួតកីឡាគុនដាវនៃព្រឹត្តិការណ៍កីឡាជាតិ ២០២៤ទទួលបានការផ្តល់ទីតាំងប្រកួត និងគាំទ្រពីផ្សារទំនើប ដឺភីក
ភ្នំពេញ៖ ផ្សារទំនើប ដឺភីក (The Peak) ផ្តល់ទីតាំងប្រកួតដល់សហព័ន្ធកីឡាគុនដាវកម្ពុជា និងការឧបត្ថម្ភគាំទ្រ សម្រាប់ការរៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
សហព័ន្ធកីឡាគុនដាវកម្ពុជាបានសហការជាមួយផ្សារទំនើប ដឺភីករៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ដែលមានអត្តពលិកចំនួន ៩៩ នាក់ មកពីរាជធានី-ខេត្តចំនួន ១២ និងក្រសួងចំនួន២។ ជាមួយគ្នានេះ សហព័ន្ធកីឡាគុនដាវកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងរៀបចំការកម្សាន្តនានាសម្រាប់មហាជនទូទៅផង។ កីឡាគុនដាវ ជាកីឡាដែលមានប្រជាប្រិយ និងមានភាពទាន់សម័យដែលប្រទេសជឿនលឿនមួយចំនួនធំចូលចិត្តហ្វឹកហាត់ និងលេងកម្សាន្ត ដូចដែលបានដឹងមកហើយថាក្នុងអំឡុងពេលអូឡាំពិកប៉ារីសឆ្នាំ ២០២៤ ការប្រកួតកីឡាគុនដាវត្រូវបានរៀបចំឡើងនៅ Grand Palais បេះដូងនៃទីក្រុងប៉ារីស នេះបង្ហាញពីភាពពេញនិយម និងល្បីល្បាញបំផុតនៃកីឡាគុនដាវលើពិភពលោក។
ដឺភីក ជាផ្សារទំនើបដ៏ប្រណិតមួយដែលត្រៀមនឹងបើកដំណើរការសាកល្បងជាជំហានដំបូង នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមួយព្រឹត្តិការណ៍ចម្រុះជាច្រើនក្រោមប្រធានបទ The Peak Prelude: A Journey Begins។ ហើយក៏ជាផ្សារទំនើបដែលបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា ក្នុងការផ្តល់ទីតាំងប្រកួតដល់សហព័ន្ធកីឡាគុនដាវកម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ព្រមទាំងបានត្រៀមខ្លួនស្វាគមន៍សម្រាប់ការផ្តល់ទីតាំងបម្រើដល់ការប្រកួតកីឡាលក្ខណៈជាតិ និងអន្តរជាតិនានាផងដែរ។
អ្នកនាំពាក្យផ្សារទំនើប ដឺភីក មានប្រសាសន៍ថា ៖«ការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិគឺជាព្រឹត្តិការណ៍ដ៏រំភើបមួយសម្រាប់យើងក្នុងការណែនាំ ដឺភីក ទៅកាន់សាធារណជន»។ យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ផ្តើមមុនការបើកដំណើរការជាផ្លូវការរបស់យើងជាមួយនឹងព្រឹត្តិការណ៍ជាតិដ៏មានកិត្យានុភាពបែបនេះ និងផ្តល់កន្លែងដ៏ស្វាហាប់សម្រាប់អត្តពលិក ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋាន។ ផ្សារទំនើប ដឺភីក មិនមែនត្រឹមតែជាផ្សារទំនើបប្រណិតប៉ុណ្ណោះទេ តែនឹងក្លាយជាគោលដៅនៃការដើរទិញទំនិញ រួមបញ្ចូលជាមួយវប្បធម៌ ការកម្សាន្ត និងសហគមន៍មកជាមួយគ្នា។ ក្រៅពីផ្តល់ទីតាំងសម្រាប់ការប្រកួតលើប្រភេទកីឡាគុនដាវ ដឺភីក នឹងផ្តល់ការឧបត្ថម្ភលើអាហារ ភេសជ្ជៈ កាដូអនុស្សាវរីយ៍ សម្រាប់ជ័យលាភីផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡារៀបចំ៣០ប្រភេទកីឡា នៅ៥រាជធានីខេត្ត និងកីឡាជាតិជនពិការត្រូវបានរៀបចំនូវជាង១០ប្រភេទកីឡាផ្សេងទៀត។ ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ» ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានកំណត់យុទ្ធនាការអប់រំចំនួនប្រាំរួមមាន៖ ១.កីឡារស់ក្នុងសន្តិភាព ២.ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ៣.កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ៤.កីឡាបៃតង កីឡាស្អាតស្អំ ៥.កីឡាគ្មានសារធាតុដូប៉ា-ដូពីង៕
ដោយ ជាវ ចន្ធូ