គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗក្នុងការពង្រឹងសិទ្ធិមនុស្ស អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ គណៈកម្មការអន្តរ រដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចសន្ទនា ថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ-១៩ក្នុងតំបន់អាស៊ាន ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside រាជធានីភ្នំពេញ ។
កិច្ចសន្ទនារយៈពេលពីរថ្ងៃនេះ គឺផ្អែកតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការលម្អិត សហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ និងផែនការសកម្មភាពរបស់ពេល៥ឆ្នាំរបស់អាយឆា។ បន្ថែមពីនេះ កិច្ចសន្ទនានេះគឺជាវេទិកាដែលប្រមូលផ្តុំអ្នកជំនាញមកពីវិស័យនិងស្ថាប័នផ្សេងគ្នា ចូលមក ធ្វើការផ្លាស់ប្តូរ និងចែករំលែកនូវការអនុវត្តល្អៗ ចំណេះដឹង និងបទពិសោធន៍នានា ពាក់ព័ន្ធនឹងការឆ្លើយតប ចំពោះជំងឺកូវីដ-១៩ និងវិបត្តិនានា ព្រមទាំងការចងក្រងជាឯកសារនៃការអនុវត្តល្អៗ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស អំឡុងពេលជំងឺរាតត្បាតក្នុងតំបន់អាស៊ាន និងចំពោះវិបត្តិ ឬស្ថានភាពបន្ទាន់ ណាមួយនាពេលអនាគត ។
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាង កម្ពុជាប្រចាំអាយឆា បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវវិធានការជាច្រើន ជាពិសេសគោលនយោបាយវ៉ាក់សាំង ដោយមិនមានការរើសអើង ដែលទទួលបានជោគជ័យ និងការកោតសរសើរពីអង្គការសុខភាពពិភពលោក។
ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរម្លឹកអំពីការទទួលយកវានា Westerdam ចូលចតក្នុងប្រទេសកម្ពុជា នៅពេលដែលគ្មានប្រទេសណាមួយ ហ៊ានទទួលយក ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជាចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម ពីការជួយគាំទ្រពីប្រទេសចិនដល់ប្រទេសកម្ពុជា តាមរយៈការផ្តល់នូវបរិក្ខាវេជ្ជសាស្ត្រ និងវ៉ាក់សាំង ដែល ជួយជីវិតប្រជាពលរដ្ឋជាច្រើនលាននាក់ និងបានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជានិងប្រទេសចិន។
ចំពោះឯកឧត្តម Yong Chanthalangsy ប្រធាននិងជាតំណាងប្រទេសឡាវប្រចាំអាយឆា បានលើកឡើង ពីការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពថ្នាក់តំបន់ ដើម្បីទប់ស្កាត់និងដោះស្រាយផលប៉ះពាល់ចំពោះ សេដ្ឋកិច្ច សង្គម វប្បធម៌ និងសុខភាព ក្នុងករណីដែលវិបត្តិបែបនេះអាចកើតឡើងនាពេលអនាគត។ បន្ថែមពីនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្រពីសំណាក់ប្រទេសចិនក្នុងអំឡុងពេលរីករាលដាលនៃ ជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ លោក Chang Jian អនុប្រធានការិយាល័យស្ថានបេសកកម្មនៃស្ថានទូតប្រទេសចិន ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រទេសកម្ពុជាចំពោះប្រទេសចិន ពីសំណាក់ព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា នាដើមឆ្នាំ២០២០។
កិច្ចសន្ទនានេះ បានគូសបញ្ជាក់ពីការអនុវត្តល្អៗ និងបញ្ហាប្រឈម ចំពោះការពង្រឹងសិទ្ធទទួលបានការអប់រំ សិទ្ធិការងារ សិទ្ធិទទួលបានសុខភាពល្អ សិទ្ធិទទួលបានព័ត៌មាន និង ឯកជនភាព និងការគាំពារសង្គម ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកជំទាវ ឡុង សូនីតា តំណាងរងរបស់ប្រទេសកម្ពុជាប្រចាំអាយឆា បានថ្លែងសុទ្ទរកថាបិទកម្មវិធីថា វេទិកានេះនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់លើ វិស័យសិទ្ធិមនុស្សទាំងក្នុងអំឡុងពេលនិងក្រោយ ការរីករាលដាលនៃជំងឺនេះ។
សូមបញ្ជាក់ថា កិច្ចសន្ទនានេះ គឺរៀបចំដោយអោយឆា-កម្ពុជា និងទទួលបានការគាំទ្រផ្នែកថវិកាពី មូលនិធិអោយឆា និងមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមានការអញ្ជើញចូលរួមពី តំណាងប្រទេស សមាជិកអាស៊ានប្រចាំអាយឆា បណ្តាស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន តំណាង មកពីប្រទេសសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យាស្ថាននីតិអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ សង្គមចិន ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បណ្តាភ្នាក់ងាររបស់ អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ចំនួនជិត ១០០នាក់ ៕
ដោយ / គ្រី សម្បត្តិ