រដ្ឋមន្ត្រីការពារជាតិអាមេរិកទទូចឲ្យកូរ៉េខាងជើងដកទ័ពចេញពីរុស្ស៊ី
បរទេស៖ ប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានអំពាវនាវ ឱ្យកូរ៉េខាងជើង ដកទ័ពរបស់ខ្លួន ចេញពីប្រទេសរុស្ស៊ី ដោយទីក្រុងវ៉ាស៊ីនតោនអះអាងថា ទាហានកូរ៉េខាងជើងប្រហែល១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ នៅទីនោះ ប្រឆាំងនឹងកងកម្លាំងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយ នៅឯមន្ទីរបញ្ចកោណ ដោយមានទាំងវត្តមានរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងផងដែរ ថា «ខ្ញុំអំពាវនាវឱ្យកូរ៉េខាងជើង ដកកងទ័ពរបស់ពួកគេ ចេញពីប្រទេសរុស្ស៊ី»។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun វិញ បាននិយាយបន្ថែមថា «ដកទ័ពជាបន្ទាន់» ដែលជាកងកម្លាំងរបស់ទីក្រុងព្យុងយ៉ាង។
លោក Austin បាននិយាយថា សហរដ្ឋអាមេរិកនឹង «បន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីបង្អាក់រុស្ស៊ី ពីការប្រើប្រាស់កងទ័ពទាំងនេះ ក្នុងការប្រយុទ្ធ»។
អ្នកជំនាញបាននិយាយថា ជាថ្នូរនឹងកម្លាំងទាំងនេះ កូរ៉េខាងជើងទំនងជាមានបំណង ចង់ទទួលបានបច្ចេកវិទ្យាយោធា រាប់ចាប់ពីផ្កាយរណបឃ្លាំមើល រហូតដល់នាវាមុជទឹក បូករួម ទាំងការធានាសន្តិសុខ ពីសំណាក់ ទីក្រុងម៉ូស្គូ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត