អត្រាគ្មានការងារធ្វើនៅរុស្ស៊ី ស្ថិតក្នុងកម្រិតទាបបំផុត
ម៉ូស្គូ : ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ច នាពេលថ្មីៗនេះថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរុស្ស៊ី នៅតែស្ថិតក្នុងកម្រិតទាបបំផុត ពោលគឺចំនួន ២.៤% ក្នុងរយៈពេល៣ខែជាប់ៗគ្នានៅក្នុងខែសីហា។
បុរសខ្លាំងរុស្ស៊ីរូបនេះបន្តថា អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជន អាយុក្រោម ២៥ឆ្នាំ បានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស។ លោកថា ឥឡូវនេះវាតិចជាង ៩% បន្ទាប់ពីបានធ្លាក់ចុះច្រើនជាង ១ភាគរយក្នុងមួយឆ្នាំ ខណៈកាលពីឆ្នាំមុន វាមានចំនួន ១១.៦%។
ទីភ្នាក់ងារស្ថិតិរដ្ឋ Rosstat បានឱ្យដឹងក្នុងខែនេះថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរុស្ស៊ីក្នុងខែសីហា នៅតែស្ថិតក្នុងកម្រិតទាបក្នុងខែទី៣ ជាប់ៗគ្នា។ កម្រិតអប្បបរមាជាប្រវត្តិសាស្ត្រ គឺ២.៤% ត្រូវបានឈានដល់ក្នុងខែមិថុនា ឆ្នាំ ២០២៤។
បើតាមទីភ្នាក់ងារស្ថិតិរដ្ឋ Rosstat មនុស្ស ១.៨លាននាក់ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ត្រូវបានចាត់ថ្នាក់ជាអ្នកគ្មានការងារធ្វើ គិតត្រឹមខែសីហាឆ្នាំនេះ។
លោក ពូទីន បាននិយាយដោយដកស្រង់ការព្យាករណ៍ថា នៅចុងឆ្នាំ២០២៤នេះ GDP របស់រុស្ស៊ីនឹងកើនឡើងចំនួន ៣.៩% ដែលខ្ពស់ជាងមធ្យមភាគសកល។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានចង្អុលបង្ហាញថា IMF ក៏បានរំពឹងផងដែរថា កំណើន GDP សកល នឹងមានចំនួន ៣.២% នៅឆ្នាំនេះ៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា