ពាក់ព័ន្ធការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េ ថាពលរដ្ឋកូរ៉េ បានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា ក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំបន្ទាន់ ជាមួយ ទូតសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយរវាង តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា វិស័យឯកជន និងទីផ្សារទេសចរណ៍កម្ពុជា-កូរ៉េ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើង នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ។
ឯកឧត្តម ហួត ហាក់ បានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ ។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ ។ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបង្ហាញថា ពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េ ឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់នៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្តែង នៅឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួនជាង ៥,៤៥ លាននាក់ កើនឡើង ១៣៩.៥% ។ ប្រាំបួនខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ៤,៨ លា ២២.២% ក្នុងនោះមានទេសចរកូរ៉េចំនួន ១៤៤,២៩៣ នាក់ កើនឡើង ១៤,៨% ដូចគ្នានៅឆ្នាំ២០២៣។ តាមការព្យាករណ៍កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ នៅឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា វិស័យឯកជន សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជឿជាក់លើវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលមានឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងរាល់បទល្មើសទាំងឡាយ និងប្រយុទ្ធប្រឆាំងដាច់ខាត និងចរន្តព័ត៌មានក្លែងក្លាយ ៕
ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ