គ្រូបង្វឹកចេះជំនាញបង្ហាត់វាមិនទាន់គ្រប់គ្រាន់នោះទេ ត្រូវចេះភាសាអង់គ្លេសមួយទៀតទើបល្អប្រសើរ
(ភ្នំពេញ)៖ មានប្រសាសន៍នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយសី កម្រឹត១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ថា សិក្ខាកាមដែលជាគ្រូបង្រឹកទាំងអស់ចេះជំនាញបង្ហាត់តែមួយមុខវាមិនគ្រប់គ្រាន់ទេ ត្រូវខិតខំរៀនបន្ថែមភាសាអង់គ្លេសមួយទៀតទើបជួយឱ្យយើងអាចបោះជំហានក្លាយជាគ្រូនៅអន្តរជាតិបានតាមរយៈការប្រឡងធ្វើតេសសមត្ថភាពតាមកម្រិតវគ្គនីមួយៗដែលបង្ហាត់ដោយគ្រូឧទ្ទេសបរទេស។
ឯកឧត្តម ប្រធាន បានគូសបញ្ជាក់ទៀតថា ប្រសិនបើគ្រូបង្វឹកយើងប្រើប្រាស់ភាសា អង់គ្លេស បានកាន់តែច្បាស់ធ្វើឱ្យគ្រូបង្ហឹកមានលទ្ធភាពច្រើន ក្នុងការរៀន សូត្របន្ត វគ្គតទៅទៀត តាមរយៈការជ្រើសរបស់សហព័ន្ធ ដើម្បីបន្តវគ្គគ្រូកម្រិត២ និង កម្រិត ៣ ធ្វើឱ្យគ្រូមានចំណេះជំនាញកាន់តែខ្លាំង និងទទួលបានឱកាសចេញ ទៅបង្ហាត់នៅក្រៅប្រទេសទទួលបានប្រាក់កម្រៃកាន់តែខ្ពស់ផងដែរ។
ឯកឧត្តម ប្រធានសហព័ន្ធកីឡាវាយសី បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមមកពីរាជធានីខេត្តគឺបានចំណាយពេលវេលាខិតខំរៀនសូត្រយ៉ាងខ្លាំង ហើយទាំងអស់នេះ ក៏ជាចំណុចស្នេហាជាតិមួយដែរ ។ ព្រោះនៅពេលជាតិត្រូវការគ្រូដើម្បីបង្ហាត់ជម្រើសជាតិ គឹមានតែគ្រូយើងនិងហើយ ដែលបង្ហាញពួកគេដោយវិជ្ជាជីវៈបានរៀនសូត្រពីគ្រូឧទ្ទេសអន្តរជាតិ។
ឯកឧត្តម សង្ឈឹមជឿជាក់ថា គ្រូបង្វឹកជាសិក្ខាកាមដែលបានឆ្លងកាត់វគ្គនេះទោះជាប់កម្រិតល្អក៏ដោយ មធ្យមក៏ដោយ និងខ្សោយក៏ដោយ ត្រូវមានមោទនៈភាពចំពោះខ្លួនឯង និងនៅពេលត្រឡប់ទៅក្លឹបតាមបណ្តារាជធានីខេត្តវិញ សូមយកចំណេះជំនាញទៅបង្ហាត់បង្រៀនតាមក្លឹបរៀងៗខ្លួនធ្វើយ៉ាងណាចែករំលែកដល់កីឡាករកីឡាការិនីបានជ្រោជ្រាប និងយល់តាមស្តង់ដារអន្តរជាតិ ដើម្បីចេញទៅក្រៅប្រទេសកុំឱ្យគេសើចចំអកយើង ដោយចេញទៅប្រកួតនៅក្រៅប្រទេសគេកោតសសើរអំពីយើងដែលទទួលបានការបណ្តុះបណ្តាលពីគ្រូដ៏ជំនាញ។
ឯកឧត្តម កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ១៥នាក់ ក្នុងនោះមាននារី ១នាក់ មកពីសម្ព័ន្ធ ក្លឹបវាយសីជុំវិញរាជធានីភ្នំពេញនិង តាមបណ្តាខេត្ត មួយចំនួន ដោយដំណើរការរយៈពេល៧ថ្ងៃ រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា រួមជាមួយនឹងគ្រូបង្វឹកមកពីសហព័ន្ធកីឡាវាយសីអាស៊ី (BA) ដើម្បីចែករំលែកបទពិសោធន៍ ជំនាញវាយសីកម្រិតអន្តរជាតិ ជូនដល់លោកគ្រូ អ្នកគ្រូបង្វឹក កីឡាវាយសីនៅកម្ពុជាបាន យល់ដឹងនិងជ្រួតជ្រាបស៊ីជម្រៅទៅលើខ្លឹមសារមេរៀននីមួយៗកាន់តែច្បាស់បន្ថែមទៀត។
ជាលទ្ធផល សិក្ខាកាមទទួលបាននិន្ទេសល្អ៥០% លទ្ធផលមធ្យម៣០% និងខ្សោយ ២០%។ ភ្ជាប់ជាមួយវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលជាគ្រូបង្ហឹកទាំងអស់ ក៏បន្តរៀនវគ្គAir Badminton ដែលជាលើក ទី១ នៅកម្ពុជា ដើម្បី ធ្វើការបង្ហាញនិងបង្រៀនជូនដល់គ្រូបង្គោលអំពីគ្រាប់សីជ័រ ប្រភេទថ្មី ដែល អាចលេងបាន គ្រប់ទីកន្លែងដោយមិនតម្រូវឲ្យមានសាលបិទជិត គឺអាចលេងបានតាមសួនច្បារ តាមទី វាលសាធារណៈឫ នៅលើវាលខ្សាច់ក៏លេងបានដែរ។ សហព័ន្ធកីឡាវាយសីកម្ពុជាត្រៀម នឹងរៀបចំវគ្គ Air Badminton នេះជាបន្តបន្ទាប់ទៅតាមកម្មវិធីឆ្នាំនីមួយៗនាពេលក្រោយ៕
រូបភាព ៖ ជីមភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ