ត្រឹម ៩ខែ ជប៉ុននាំចេញរថយន្តទៅរុស្ស៊ីស្ទុះឡើងជាង ១៣២ភាគរយ
តូក្យូ ៖ ជប៉ុននាំចេញរថយន្តដឹកអ្នកដំណើរច្រើនជាង ១៣២.២% ទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាទីក្រុងតូក្យូសន្យាថា នឹងរឹតត្បិតលើការលក់រថយន្តទៅឱ្យប្រទេសដែលរងទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ នេះបើតាមទិន្នន័យចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី។
ទន្ទឹមគ្នា ជប៉ុនក៏បានជំរុញការនាំចេញសមាសធាតុ និងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសរុស្ស៊ីចំនួន ២១.៣% ផងដែរ នៅក្នុងខែកញ្ញា នេះបើយោងតាមតួលេខចុងក្រោយ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីជប៉ុនបានកាត់បន្ថយការនាំចេញរថយន្តដឹកអ្នកដំណើរទៅកាន់រុស្ស៊ីចំនួន ១១.៣% ក្នុងខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ចំណូលពាណិជ្ជកម្មសរុបរវាងរុស្ស៊ី និងជប៉ុន ក៏កំពុងមើលឃើញពីការកើនឡើងក្នុងរយៈពេលពីរខែចុងក្រោយនេះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២។ ជាក់ស្តែង ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានបង្ហាញថា នៅក្នុងខែសីហា ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរបានកើនឡើង ២៣.៨% ដល់ ៧៤៣លានដុល្លារ ហើយនៅក្នុងខែកញ្ញា ទំហំពាណិជ្ជកម្មទៅវិញទៅមកបានកើនឡើង ២២.៧% ដល់ ៦៥៩លានដុល្លារ។
លើសពីនេះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏បានកើនឡើងផងដែរ ខណៈចរាចរណ៍ទេសចរណ៍ពីរុស្ស៊ីទៅកាន់ជប៉ុន បានកើនឡើងជាងពីរដងកាលពីឆ្នាំមុន។ តួយ៉ាង ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ ភ្ញៀវទេសចររុស្ស៊ីចំនួន ៦៣,៩០០នាក់បានទៅទស្សនាប្រទេសជប៉ុន កើនឡើងដល់ ១៣៦.១% ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមអង្គការទេសចរណ៍ជាតិជប៉ុន៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា