ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន១០ភូមិ ឃុំភ្នំលៀប
បន្ទាយមានជ័យ៖ភូមិចំនួន១០ នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យត្រូវបានប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្រោមវត្តមាន លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ។ពិធីបានប្រព្រឹត្តទៅនៅបរិវេណ វត្តប្រាសាទជលសាអូរសំរោង ហៅវត្តរំដួល ភូមិរំដួល ឃុំភ្នំលៀប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤។
លោក ពិន សុវណ្ណារិទ្ធិ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់និងណែនាំដល់ ពលរដ្ឋជាម្ចាស់ដីត្រូវត្រៀមឯកសារចាំបាច់សម្រាប់ម្ចាស់ដីត្រូវមានក្នុងការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ រួមមាន ៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យរួមប្តីប្រពន្ធ), សំបុត្រមរណភាព (ប្រសិនបើជាប្តីឬប្រពន្ធស្លាប់ម្នាក់), ឯកសារពាក់ព័ន្ធដីធ្លី (លិខិតលក់ទិញ ឬអំណោយ ឬបញ្ជាក់ប្រវត្តិដី), បណ្តាំមរតក(ប្រសិនបើមានលិខិតបណ្តាំ ពីជនដែលស្លាប់ទៅ), សាលក្រមតុលាការ (ប្រសិនបើប្តឹងឈ្នះតាមផ្លូវតុលាការ), ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់ ឬប្លង់រឹង ពីមុនមក)។
ក្នុងឱកាសនេះលោក ប្រាក់ ប៉លី អភិបាលរងខេត្តបានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានចំណុចអាទិភាព ៥ចំណុច ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (បញ្ចកោណទី៤ មុំទី៤) នៅក្នុងនោះមានចំណុចអាទិភាពទី១ គឺបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងឱ្យកាន់តែមានប្រសិទ្ធភាព៕






ដោយ៖ឃិន គន្ធា