ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី៧-៨ខែវិច្ឆិកា ខាងមុខនេះ
(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់យុវសិស្ស និងអ្នក ដែលមានបំណងបន្តការសិក្សានៅប្រទេសជប៉ុន រៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសហការរៀបចំដោយការិយាល័យការសិក្សានៅប្រទេសជប៉ុនប្រចាំតំបន់អាស៊ាន នឹងរៀបចំកម្មវិធី «ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤»។
កម្មវិធីពិព័រណ៍នេះ នឹងធ្វើឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានវត្តមានចូលរួមដោយសាកលវិទ្យាល័យល្បីៗ និងស្ថាប័នផ្តល់អាហារូបករណ៍ជាច្រើនមកពីប្រទេសជប៉ុន ដោយក្នុងនោះក៏មានទាំងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) និងភ្នាក់ងារផ្តល់ជំនួយនិស្សិតបរទេសនៃអង្គការផ្តល់ជំនួយនិស្សិតជប៉ុន (JASSO) ផងដែរ។
លោកបណ្ឌិត ឃឹម លាង នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានឱ្យដឹងថា ការធ្វើពិព័រណ៍ការសិក្សានេះ គឺនៅក្នុងគោលបំណង ផ្សព្វផ្សាយឱកាសនៃការសិក្សាដល់សិស្ស និស្សិត ដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន បានស្វែងយល់ ហើយបានជួបផ្ទាល់ជាមួយនិង តំណាងសាកលវិទ្យាល័យចំនួន១១ ដែលបានអញ្ជើញមកពីប្រទេសជប៉ុន ដើម្បីឱ្យដឹងថាតើ ការត្រៀមទទួលយកជាអាហាររូបករណ៍ ឬចុះឈ្មោះចូលរៀនវគ្គបង់ថ្លៃ ត្រូវត្រៀមខ្លួនបែបណាខ្លះ ហើយសាកលវិទ្យាល័យនីមួយៗមានលក្ខ័ណ្ឌ អ្វីផ្សេងទៀតក្នុងការទទួលយកសិស្សទៅចូលរៀនបាន។
លោក ហៃ ឡុងថៃ ដែលបញ្ចប់ការសិក្សាថ្នាក់អាហាររូបករណ៍នៅប្រទេសជប៉ុន បានគូសបញ្ជាក់ឱកាសដែលខ្លួនទទួលបានការសិក្សានៅប្រទេសជប៉ុនគឺលោកបានខិតខំសិក្សារៀនសូត្រ និងបានស្វែងរកឱកាសព័ត៌មាន ការសិក្សា និងការដាក់ពាក្យប្រឡងយកអាហាររូបករណ៍នៅប្រទេសជប៉ុន ផ្នែកជំនាញភាសាជប៉ុន ជាមួយនិងប្រព័ន្ធសិក្សាប្រកបដោយស្តង់ដា។
ក្នុងឱកាសនេះផងដែរ អ្នកចូលរួមទាំងអស់នឹងមានឱកាសសាកសួរព័ត៌មាន ពីអ្នកតំណាងរបស់សាកលវិទ្យាល័យដោយផ្ទាល់ និងស្វែងយល់លំអិតអំពីព័ត៌មានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះ អតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ក៏នឹងចែករំលែកបទពិសោធន៍ពីជីវិត ជានិស្សិតបរទេសដែលរស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុន ក៏ដូចជាចែករំលែកពីរបៀបនៃការទទួលបានឱកាសទៅសិក្សានៅក្នុងប្រទេសជប៉ុនរបស់ពួកគាត់ផងដែរ។ លើសពីនេះទៅទៀតនោះ អ្នកចូលរួមទាំងអស់ក៏មានឱកាសក្នុងការដាក់សុំអាហារូបកណ៍ទៅកាន់សាកលវិទ្យាល័យ ដែលខ្លួនពេញចិត្តនៅអំឡុងពេលនៃកម្មវិធីពិព័រណ៍ផងដែរ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា