ព្រះមហាក្សត្រ ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបន្តកើនឡើងជាលំដាប់
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្ត វៀងវៃ និងមោះមុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបន្តកើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន។ ស្របពេលជាមួយនេះ ដើម្បីបន្តរក្សាបាននូវសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីគោលនយោបាយ និងវិធានការគន្លឹះក្នុងយុទ្ធសាស្ត្របញ្ចកោណ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងព្រះរាជសារបានបន្តថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារ ប្រកបដោយថាមពលខ្លាំងក្លា ដោយបានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ ផលប្រយោជន៍ប្រជាជាតិ និងសម្របទៅនឹងការវិវត្តនៃនយោបាយសកលនាពេលបច្ចុប្បន្ន ដែលកាន់តែមាន លក្ខណៈស្មុគស្មាញ និងពិបាកប៉ាន់ស្មានទុកជាមុនបាន។ ជាមួយនេះ ឆ្លៀតពេលដ៏មមាញឹកក្នុងតួនាទី និងភារកិច្ចខាងលើ រដ្ឋសភាក៏បានធ្វើការពិនិត្យ សិក្សា និងស្វែងយល់នូវការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យរៀងៗខ្លួនយ៉ាងសស្រោកសស្រាំ ព្រមទាំងបានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់ រដ្ឋសភាក៏បានទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធីរបស់រដ្ឋសភា ផងដែរ។
បន្ថែមពីនេះ រដ្ឋសភាក៏បានពង្រឹងតួនាទី និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបឱ្យ បានសមស្របតាមទិសដៅ នៃការកែទម្រង់ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ព្រះមហាក្សត្រក៏បានសូមកោតសរសើរដ៏ស្មោះចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងឯកឧត្តម វង សូត អនុប្រធានទី២ ដែលបានដឹកនាំរដ្ឋសភាដោយឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ ព្រមទាំងសមាជិក សមាជិការដ្ឋសភា គ្រប់រូប ដែលបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផល យ៉ាងច្រើន ជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន គួរជាទីមោទនៈ។
ជាមួយគ្នានេះ សូមឱ្យស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាពប្រជាជន និង សម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គមឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាមួយនេះដែរ ព្រះអង្គសូមឱ្យបងប្អូនជនរួមជាតិទូទាំងប្រទេស បន្តចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពជាតិ ឱ្យកាន់តែរឹងមាំ ដើម្បីថែរក្សាជំរុញនាវាកម្ពុជានៃយើង ឆ្ពោះទៅរកការអភិវឌ្ឍ សម្បូរសប្បាយ ដូចអារ្យប្រទេសនានានៅលើសកលលោក៕
ដោយ៖ពលជ័យ