ព្រឹទ្ធសភា ចេញប្រកាសស្តីពីលទ្ធផល នៃសម័យប្រជុំលើកទី២

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណា-ចក្រកម្ពុជា នីតិកាលទី៥ បានបើកសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៣រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍​សង្ខេបរបស់​គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងារ​របស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រឹទ្ធសភានីតិកាលទី៥ បានបន្តនិរន្តរភាព ពង្រឹងបន្ថែមនូវឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ រួមមាន៖ មុខងារនីតិ​កម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ សមាជិក សមាជិកា​ព្រឹទ្ធសភា បានគាំទ្រ និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីការងាររបស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលផ្តោតលើអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។

នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារស្របតាមមុខងារដោយទទួលបានលទ្ធផល មានជាអាទិ៍៖
ក្នុងមុខងារនីតិកម្ម ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៤លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក ដើម្បីពិនិត្យសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់របស់គណៈកម្មការទាំង១០របស់ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស និងបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលនឹងត្រូវបញ្ចប់អាណត្តិ។

ទន្ទឹមគ្នានេះ គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មក្នុងមុខងារតាមដានការអនុវត្តច្បាប់ ដោយបានស្វែងយល់អំពីវឌ្ឍនភាពការងារតាមវិស័យរបស់ខ្លួនជាមួយនឹងក្រសួង ស្ថាប័ននានា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងការអនុវត្តមុខងារតំណាង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកា ព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលចំនួន៤០លើក និងរៀបចំវេទិកាកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ចំនួន៤លើក ជាមួយនឹងថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល បញ្ហាប្រឈម និងសំណូមពរនានាក្នុងមូលដ្ឋាន ព្រមទាំងជូនព័ត៌មានអំពីវឌ្ឍនភាពការងាររបស់ព្រឹទ្ធសភា នៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ក្នុងរាជធានី ខេត្ត ដោយមានអ្នកចូលរួមសរុបចំនួន១៨.២៧៥នាក់ ។

ក្រៅពីនេះ សមាជិក សមាជិកាព្រឹទ្ធសភាបានចុះប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ចូលរួមក្នុងកម្មវិធីនានា ការងារសង្គម ចូលរួមដោះស្រាយ សំណូមពរ និងសំណើផ្សេងៗរបស់ប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋចំនួន៣៤៦លើក និងបាននាំយកសម្ភារៈ ថវិកា ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ ដើម្បីចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋជួបការលំបាក ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ចំនួន៧៤លើក និងសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១,៥៨៣នាក់ នៅខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពត និងខេត្តព្រះសីហនុ។

ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់យកវិស័យការទូតសភា ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត ក្នុងគោលបំណងចូលរួមការពារ និងលើកស្ទួយផលប្រយោជន៍ជាតិឱ្យកាន់តែប្រសើរឡើង។ នៅក្នុងស្មារតីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាវិស័យការទូតសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា បានទទួលជួបសវនាការ សម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងភ្ញៀវជាតិ អន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន៥២លើក ហើយព្រឹទ្ធសភាក៏បាននឹងកំពុងបន្តពង្រឹងពង្រីកវិស័យការទូតសភាយ៉ាងសកម្មជាមួយនឹងសភានៃបណ្តាប្រទេសនានា អង្គការអន្តរសភានានាក្នុងតំបន់ និងពិភពលោក ក៏ដូចជាប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងការលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងពិធីផ្លូវការសំខាន់ៗ នៅសាធារណរដ្ឋកូរ៉េ និងអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមមហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង នៅប្រទេសកាណាដា។ ទន្ទឹមគ្នានេះ សមាជិក សមាជិកាព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ។

ក្នុងអំឡុងពេលបីខែ នៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី១ និងលើកទី២នេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋយើង។

ឆ្លៀតក្នុងឱកាសនេះ ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីស្ថាប័នរដ្ឋទាំងអស់នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងឱ្យគណៈកម្មការនានានៃព្រឹទ្ធសភា ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ បានជួបសំណេះសំណាល ប្រាស្រ័យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមភូមិភាគនានាទូទាំងប្រទេស ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner