វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ប្រារព្ធនៅខេត្តសៀមរាប
សៀមរាប៖ ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៤ បានរៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ លោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក វីជ័យ សានកា ប្រាសាទ(Vijay Shankar Pradsad) លេខាទី២ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ប្រព្រឹត្តទៅក្រោមប្រធានបទ”សក្តានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាពនិងការត្រៀមលក្ខណៈសម្បត្តិ”ដោយរៀបចំឡើងក្នុងគោលបំណងចូលរួមលើក កម្ពស់និងផ្លាស់ប្តូរវប្បធម៌ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌាជំរុញលំហូរ ទេសចរ និងទាក់ទាញវិនិយោគិនឥណ្ឌាលើវិស័យទេសចរណ៍នៅកម្ពុជា និងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌាលើកទី១ ឆ្នាំ២០២៤ និងទស្សនាសៀមរាប ឆ្នាំ២០២៤” ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ដែល កំពុងប្រារព្ធនេះនៅក្រោមក្របខ័ណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»ដែលត្រូវបានប្រកាស បើកជាផ្លូវការកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌាស្របជាមួយការបើកជើងហោះហើរ ត្រង់ជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ អ៊ែរនិងការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។
តាមរយៈវេទិកាទេសចរណ៍ដំបូងនេះដែរឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអំពាវនាវថា “សូមចូលរួមទាំងអស់គ្នាជាមួយ
ក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ឥណ្ឌា ម្នាក់!, ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!៕






ដោយ៖ប៊ុន រដ្ឋា