ក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន ស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រគុំតន្ត្រី និងនាំយកតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅប្រទេសកម្ពុជា
(ភ្នំពេញ)៖ រសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍ ក្នុងគោលបំណងស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិតកម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកនាយកក្រុមហ៊ុន និង សហការី ដែលបានអញ្ជើញមកទស្សនាកម្ពុជា ព្រមទាំងថ្លែងអរគុណដល់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជាក្នុងការវិនិយោគ និងមានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ។
ឯកឧត្តម ហួត ហាក់ បានជម្រាបជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រី្ត បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពនិងទំនាក់ទំនងការទូតជាយូរលង់ កម្ពុជា-ជប៉ុន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ។
លោក HIROYUKI OKA បានសំណូមពរដល់ក្រសួងទេសចរណ៍ ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី ឱ្យជួយជំរុញ និងគាំទ្រលើផែនការវិនិយោគ និងផែនការបណ្តាក់ទុករបស់ក្រុមហ៊ុនលើវិស័យទេសចរណ៍មួយចំនួន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ។
ឯកឧត្តមរដ្ឋមន្ត្រីគាំទ្រលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ក៏បានស្នើឱ្យជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ