កម្ពុជា-ឡាវ ប្រារព្ធកម្មវិធីពីររួមគ្នានៅខេត្តសៀមរាប
សៀមរាប៖ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ឺង គឹមលៀង អភិបាលរងខេត្តសៀមរាប និងលោក ភូធូន ដាឡាឡម(Phouthone Dalalom) អគ្គនាយករងទីផ្សារទេសចរណ៍ ប្រធានប្រតិភូក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ ឡាវដោយមានអ្នកចូលរួម ពីអន្តរក្រសួង ស្ថាប័ន និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ១០០រូប។
វេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ (Cambodia-Lao PDR Tourism Business-to-Business (B2B) Forum) ដែលរៀបចំឡើងកាលពីថ្ងៃទី៣០ ខែតុលា ក្នុងគោលបំណងជំរុញទំនាក់ទំនង និងការតភ្ជាប់រវាងផ្នែកឯកជននិងផ្នែក ជននៃប្រទេសទាំងពីរក្រោមស្មារតី នៃផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ ២០២៣-២០២៤។
កិច្ចប្រជុំបានអនុម័តលើកំណត់ហេតុកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ២០២៥-២០២៦ ដោយផ្តោតលើសកម្មភាពសំខាន់ៗ ចំនួន ១៥ ក្រោមចំណុចកិច្ចសហប្រតិបត្តិការចំនួនបួន រួមមាន៖ ១. កិច្ចសហប្រតិបត្តិការលើការសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២. ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍រួម ៣. ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍រួម និង ៤. ការតភ្ជាប់ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍៕
ដោយ៖ប៊ុនរដ្ឋា