សម្ពោធដាក់ឱ្យប្រើប្រាស់សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់
(ភ្នំពេញ)៖ សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៤ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានបង្ហាញពីសមិទ្ធផលសម្រេចបាន ក្នុងការសាងសង់សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ ។ជាមួយគ្នានេះ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបាននិងកំពុងបន្ថយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត មានដូចជា ទឹកន្លែងអង្គុយទស្សនាកីឡាបាល់ទាត់ សាល រដ្ឋបាល ទីកន្លែងចំណតរថយន្ត ចាក់បេតុងផ្លូវព័ទ្ធជុំវិញតារាងបាល់ទាត់ ផ្លូវច្រកចូល និងការតបណ្តាញ អគ្គិសនី ទឹកស្អាត និងប្រព័ន្ធលូទឹកសំណល់ទៀតផង ។
ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ឃឹម ប៊ុនសុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលក្រសួងការពារជាតិសម្រេចបាន ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់។
ឯកឧត្តម ឃឹម ប៊ុនសុង មានជំនឿយ៉ាងមុតមាំថា សមិទ្ធផលសាលកីឡាថ្មី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍រចនាសម្ព័ន្ធទាំងផ្នែកទន់-រឹង ពិសេសលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យកីឡាគុនខ្មែរ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងមានការគាំទ្រយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងលើកស្ទួយអភិវឌ្ឍន៍ប្រដាល់គុនខ្មែរ ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ នាពេលអនាគត។
សមិទ្ធផលនេះបានបញ្ជាក់ពីគោលជំហររបស់ក្រសួងការពារជាតិ ក្នុងការជំរុញគាំទ្រអភិវឌ្ឍន៍វិស័យកីឡាកងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ