ក្រសួងការពារជាតិកម្ពុជា និងអូស្ត្រាលី ធ្វើជាសហប្រធាន នៃកិច្ចប្រជុំក្រុមការងារជំនាញ សន្តិសុខសាយប័រ នៅកម្ពុជា
(សៀមរាប)៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ, នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងនាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្នុងនាមក្រសួងការពារជាតិកម្ពុជា បានសហការជាមួយ ក្រសួងការពារជាតិអូស្ត្រាលី រៀបចំធ្វើជាសហប្រធាន នៃកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើក ទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ អេមទ្រីសអង្គរ រីសត & ស្បា (Empress Angkor Resort & Spa) នៅខេត្តសៀមរាប ប្រទេសកម្ពុជា ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិកម្ពុជា និង ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) អគ្គ នាយក កងកម្លាំងអភិវឌ្ឍន៍សាយប័រ និងជាមេបញ្ជាការបម្រុង បញ្ជាការដ្ឋានសាយប័រ ក្រសួងការពារជាតិអូស្ត្រាលី ដោយមានការចូលរួមពីប្រតិភូ មកពីបណ្តាប្រទេសជាសមាជិក ADMM-បូក ប្រទេសទីម័រខាងកើត (ចូលរួម ជាអ្នកសង្កេតការណ៍) មជ្ឈមណ្ឌលឧត្តមភាពទិន្នន័យនិងសន្តិសុខសាយប័រ និងលេខាធិការដ្ឋានអាស៊ាន ។
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានសម្តែងការស្វាគមន៍ចំពោះប្រតិភូ ដែលបានអញ្ជើញចូលរួម និងអរគុណដល់សហប្រធាន អូស្ត្រាលី ចំពោះការចូលរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានា ដល់ដំណើរការ កិច្ចប្រជុំដោយរលូន និងផ្លែផ្កា។
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានលើក ឡើងអំពីប្រវត្តិ និងសមិទ្ធិផលរបស់សហប្រធានជុំទី១ និងសហប្រធានជុំទី២ នៃកិច្ចប្រជុំក្រុមការងារជំនាញ សន្តិសុខសាយប័រ ដែលសម្រេចបានកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានប្រតិភូដែលបានចូលរួម ដែលជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ប្រទេសសមាជិក និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និង បង្កើនសមត្ថភាព អន្តរប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់ នឹងការគំរាមកំហែងសន្តិសុខសាយប័រ ដែលជាបញ្ហា ប្រឈមសកល ដែលកំពុងបន្តកើតមាន។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) ដែលជាសហប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែង អំណរគុណដល់សហប្រធានកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះប្រតិភូអូស្ត្រាលី និងប្រតិភូ ផ្សេងទៀតដែលបានចូលរួម។
ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី បានជម្រាបជូនអង្គប្រជុំ អំពីផែនការនៃការធ្វើលំហាត់រួមគ្នា រវាងក្រុមការងារ ជំនាញចំនួនបី ដូចជា សន្តិសុខសាយប័រ វេជ្ជសាស្ត្រយោធា ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ នៅឆ្នាំចុងក្រោយ នៃផែនការជុំទី៣ (ឆ្នាំ២០២៤-២០២៧) ។
បន្ទាប់មក សហប្រធានទាំង២ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សា និងការចូលរួមធ្វើ បទបង្ហាញ ចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ របស់សមាជិកចូលរួម ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ តាមរបៀបវារៈដែលបានគ្រោងទុក ។
សមាជិកអង្គប្រជុំ ក៏បានពិភាក្សា និងផ្តល់ធាតុចូលលើការស្ទង់មតិ អំពីតម្រូវការសម្រាប់ការអភិវឌ្ឍថ្នាល (Web Portal) ដើម្បីជំរុញឱ្យផ្ទាលនេះ អាចដំណើរការបាន ប្រកបដោយនិរន្តភាព និងឆ្លើយតបពីតម្រូវការជាក់ស្តែង របស់បណ្តាប្រទេសចូលរួម ។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ និងទទួលលទ្ធផលជាផ្លែផ្កាតាមការគ្រោងទុក សមាជិកប្រតិភូទាំងអស់ ក៏បានអញ្ជើញធ្វើទស្សនកិច្ច ទៅកាន់ប្រាសាទអង្គវត្ត និងប្រាសាទតាព្រហ្ម ដើម្បីឈ្វេងយល់ពីវប្បធ៌ម ប្រពៃណី និងស្ថាបត្យកម្ម ដ៏រុងរឿងនៃសម័យអង្គរ ផងដែរ ។
សូមបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី១ ដែលប្រទេសកម្ពុជា និងអូស្ត្រាលី បានរៀបចំធ្វើ ជាសហប្រធានកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្រាប់ជុំថ្មី ពីឆ្នាំ២០២៤-២០២៧ ជាមួយនឹងគោលដៅ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ការលើកកម្ពស់សមត្ថភាព និងភាពធន់ ក្នុងចំណោមប្រទេសជាសមាជិក ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសាយប័រក្នុងតំបន់ ៕
ដោយ ៖ វណ្ណលុក