ខណ្ឌចំការមន បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់សង្កាត់-ខណ្ឌ ដើម្បីប្រើប្រាស់ធនធានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព
(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ដើម្បីជំរុញឱ្យគម្រោងវិនិយោគ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ ឆ្លុះបញ្ចាំងពីតម្រូវការ ជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធាន ឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព ។
កម្មវិធីនេះធ្វើឡើង នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានលោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ព្រមទាំងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, មន្ទីរជំនាញ, តំណាងដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជន ។
លោក កៀង ល័ក្ស បានលើកឡើងថា៖
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់សង្កាត់ ខណ្ឌ នៅពេលនេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ និងការស្នើសុំការគាំទ្រគម្រោងពីមន្ទីរ-អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ។
លោកបន្តថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ ឆ្នាំនេះ បានចាប់ផ្ដើមពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈគម្រោងផែនការអភិវឌ្ឍន៍របស់ រដ្ឋបាលខណ្ឌ និងសង្កាត់ ទទួលបានជោគជ័យ ក៏ដោយសារតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ។
នៅក្នុងឱកាសនេះ លោកជំទាវ កែវ សុខពិសី សូមអរគុណចំពោះការជួយគាំទ្ររបស់អង្គភាព/ ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ ដែលបានជួយគាំទ្រដល់សង្កាត់/ខណ្ឌ ក្នុងពេលកន្លងមក និងសំណូមពរឱ្យបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យកាន់តែរីកចំរើនជាបន្តបន្ទាប់ ស្របតាម គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ លោកជំទាវអភិបាលរងរាជធានីភ្នំពេញ ក៏បានផ្តល់នូវអនុសាសន៍ និងធ្វើការណែនាំមួយចំនួន ពិសេស ដល់បណ្តាមន្ទីរអង្គភាពជំនាញ / អង្គការសង្គមស៊ីវិល ដែលជាដៃគូរអភិវឌ្ឍន៍ ដែលបានជួយគាំទ្របណ្តាគម្រោងអភិវឌ្ឍន៍នានារបស់ខណ្ឌ និងសង្កាត់ ព្រមទាំងបានចុះកិច្ចព្រមព្រៀង បណ្តោះអាសន្នរួចហើយនោះ សូមរៀបចំបញ្ចូលគម្រោង ដែលបានគាំទ្រ ចូលទៅក្នុងផែនការសកម្មភាពរបស់មន្ទីរ អង្គភាពនីមួយៗរៀងៗខ្លួន និងសូមអនុវត្តតាមផែនការ សកម្មភាពការងារឱ្យបានច្បាស់លាស់ និងតាមកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលបានចុះហត្ថលេខារួច ។
លោកជំទាវបញ្ជាក់ថា ការអនុវត្តគម្រោង ដែលបានគាំទ្រនៅពេលនេះ ត្រូវបន្តការសហការ និងពិភាក្សាបន្ថែមទៀតជាមួយបណ្តាខណ្ឌ សង្កាត់ និងខិតខំអនុវត្តឱ្យបានទាន់ពេលវេលាកំណត់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត