លទ្ធផលប្រឡងបាក់ឌុបខេត្តបន្ទាយមានជ័យសិស្សនិទ្ទេស អេ ៧៤នាក់
បន្ទាយមានជ័យ៖លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣១ ខែតុលានេះបានអញ្ជើញចូលរួម ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង៨ តុលាឆ្នាំ២០២៤។
លទ្ធផលបង្ហាញថា ខេត្តបន្ទាយមានជ័យសិស្សប្រឡងជាប់ចំនួន ៤.៨៣៩នាក់(ស្រី២.៩៤៨នាក់)។ក្នុងនេះ សិស្សទទួល និទ្ទេសអេ(A) ចំនួន៧៤នាក់(ស្រី៤៦នាក់),និទ្ទេស B ចំនួន៤១៦នាក់ (ស្រី២៤២នាក់), និទ្ទេស C១.០០៣នាក់(ស្រី៦៥៣នាក់), និទ្ទេស D ១.៦៣០នាក់(ស្រី១.០៥៩នាក់)និង និទ្ទេស E១.៧១៦នាក់ (ស្រី៩៤៨នាក់)។
ដោយឡែកយោងតាមប្រភពក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា សិស្សទទួលបាននិទ្ទេស A ចំនួន ២.២១៦នាក់, និទ្ទេស B ចំនួន ៩.៧០១នាក់, និទ្ទេស C ចំនួន ២២.៦៧៥នាក់, និទ្ទេស D ចំនួន ៣៦.៦៨៣នាក់ និងនិទ្ទេស E ចំនួន ៣៥.០៧៦នាក់។
សូមជម្រាបថា ការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃគឺថ្ងៃទី៨ និងទី៩ ខែតុលា ខេត្តបន្ទាយមានជ័យមានបេក្ខជនសរុបចំនួន ៦.២៣៥នាក់ (ស្រី៣.៥៦៨នាក់) បានចូលរួមប្រឡងទាំងអស់និងមានមណ្ឌលប្រឡងចំនួន៨និងបន្ទប់សរុបចំនួន១៧៦បន្ទប់។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានចូលរួមអបអបអរសាទរជាមួយបេក្ខជនទាំងអស់ដែលបាន ប្រឡងជាប់និងលើកទឹកចិត្តដល់បេក្ខជនប្រឡងធ្លាក់ថាកុំអស់សង្ឃឹមហើយខិតខំតស៊ូរៀនសូត្រឡើងវិញដើម្បីប្រឡងជាប់នៅឆ្នាំក្រោយឬក៏អាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ, រៀននៅថ្នាក់បរិញ្ញាប័ត្ររងក៏បាន។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបានឱ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំសិក្សា២០២៤ នេះបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងខេត្តព្រមទាំងការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើ ពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ៕
ដោយ៖ឃិន គន្ធា