អ្នកជំនាញបង្ហាញពីលក្ខណៈពិសេសរបស់សត្វផ្សោតពណ៌ផ្កាឈូកនៅសហគមន៍នេសាទព្រែកត្នោត
កំពត៖សហគមន៍នេសាទព្រែកត្នោត នៅក្រុងបូកគោ ខេត្តកំពត ត្រូវបានក្រុមការងារអភិរក្សសមុទ្រកម្ពុជា(MCC)ស្រាវជ្រាវ រកឃើញវត្តមានផ្សោតជាង១៧០ក្បាល។បច្ចុប្បន្នភ្ញៀវទេសចរកាន់តែច្រើននាំគ្នាទៅកម្សាន្តនៅទីនោះព្រោះចង់ទស្សនា ទេសភាពនានាពិសេសសត្វផ្សោតផ្កាឈូកដែលជាប្រភេទថនិកសត្វកម្រជិតផុតពូជកំពុងរស់នៅទីនោះ។បើតាមអ្នកជំនាញបានអធិប្បាយថា លក្ខណៈពិសេសរបស់ផ្សោតពណ៌ផ្កាឈូក ខុសពីផ្សោតក្បាលត្រឡោក។
កញ្ញា ភាន់ សុភានី អ្នកជំនាញរបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)លើគម្រោងស្រាវជ្រាវ និងអភិរក្សថនិកសត្វសមុទ្រ បានលាតត្រដាងលក្ខណៈពិសេសរបស់សត្វផ្សោតឃ្លាច ឬផ្សោតផ្កាឈូកថា មូលហេតុដែលប្រភេទថនិកសត្វកម្រជិតផុត ពូជនេះមានពណ៌ផ្កាឈូក ដោយសារវាចូលចិត្តធ្វើចលនា ពិសេសលោតផុតពីផ្ទៃទឹកញឹកញាប់ជាងផ្សោតក្បាលត្រឡោក។ ការធ្វើចលនាច្រើន ធ្វើឱ្យសរសៃរឈាមក្រហមអណ្តែតឡើង បូកផ្សំនិងការត្រូវពន្លឺថ្ងៃញឹកញាប់ផងនោះ ធ្វើឱ្យពណ៌វា ប្រែក្លាយជាផ្កាឈូក។ ផ្សោតផ្កាឈូកពេញវ័យអាចបង្កកំណើតបាន ចាប់ពីអាយុ៩ទៅ១០ ឆ្នាំយូរជាងផ្សោតក្បាលត្រឡោក។ មេផ្សោតផ្កាឈូកត្រូវពពោះ រយៈពេល១២ខែ ទើបកើតបានកូនមួយ ហើយត្រូវបំបៅនិងបង្រៀនកូនឱ្យចេះចាប់ចំណីរយៈ ពេលបីឆ្នាំ ទើបអាចបង្កកំណើតបន្តបានទៀត។ កូនផ្សោតកើតមកមិនមែន មានពណ៌ផ្កាឈូកភ្លាមៗនោះទេ ។
រយៈពេល២ឆ្នាំក្នុងការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណសត្វផ្សោតនៅសហគមន៍នេសាទព្រែកត្នោតនេះក្រុមការងារ បានសង្កេតឃើញថា ផ្សោតផ្កាឈូក និងផ្សោតក្បាលត្រឡោក ត្រូវការដេក៨ម៉ោងនៅពេលយប់ ដូចមនុស្សដែរដោយប្រើខួរ ឆ្លាស់គ្នា(ខួរក្បាលម្ខាងដេក៤ម៉ោង)។ចំណីរបស់សត្វផ្សោត គឺត្រី។បើទឹកនៅរាក់ វាប្រើសំឡេងដើម្បីកំណត់ទិសដៅដេញ តាមប្រហារចំណី។ម្តាយ និងកូនសត្វផ្សោតក៏មានមនោសញ្ចេតនា និងចេះឈឺចាប់ដូចមនុស្សដែរ។
តាមការសន្និដ្ឋានរបស់អ្នកជំនាញអង្គការ (MCC) ចំនួនសត្វផ្សោតនៅសហគមន៍ ក៏ដូចជាខេត្តកំពតទាំងមូលមានការកើន ឡើងនៅឆ្នាំនេះ ព្រោះក្រុមការងារបានប្រទះឃើញវត្តមានកូនផ្សោតជាច្រើនដង។ប្រសិនបើមន្ត្រីជំនាញ អាជ្ញាធរនិងអង្គការ ដៃគូនានា នៅតែបន្តជួយសហការចូលរួមអភិរក្សធនធានធម្មជាតិសមុទ្រ (មានព្រែកោងកាង ស្មៅសមុទ្រ និងផ្កាថ្មជាដើម) និងទប់ស្កាត់បទល្មើសនេសាទបានល្អ ៕
ដោយ៖ សិលា សារិន