កម្ពុជាប្តេជ្ញាចិត្តសហការជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់ដើម្បីផ្តល់ជូនពលករទេសន្តរប្រវេសន៍ នូវលទ្ធភាពទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម

(សិង្ហបុរី)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបង្ហាញពីពីវឌ្ឍនភាពនៃគោលការណ៍​ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម​សម្រាប់ទេស​ន្តរ​ប្រវេសករ ក្នុងតំបន់អាស៊ាន ដែលត្រូវបាន​ប្រមុខដឹកនាំអាស៊ានកត់សម្គាល់នៅ​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការជាមួយ​រដ្ឋជាសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ជូនពលករទេសន្តរប្រវេសន៍នៃបណ្ដា​ប្រទេសអាស៊ាន នូវលទ្ធភាពទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដោយ​មិនគិតពីការបម្លាស់ទីនៅក្នុងតំបន់ ដែលស្របនឹងមូលបទរបស់ប្រទេស​សិង្ហបុរី​ឆ្នាំនេះ គឺ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍”។ គំនិតផ្ដួច​ផ្ដើមនេះ មិនត្រឹមតែជួយពង្រឹងសាមគ្គីភាព និងបរិយាប័នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់អាស៊ាននៅលើឆាកអន្ដរជាតិ ពិសេសក្នុងការ​លើក​កម្ពស់ស្តង់ដាការងារប្រកបដោយសុខុមាលភាពនៅក្នុងតំបន់ផងដែរ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារ​អាស៊ាន​លើកទី២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និងកិច្ច​ប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើក​កម្ពស់នវានុវត្តន៍” នាថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី ដែលដឹកនាំ​ដោយរដ្ឋម​ន្រ្តីក្រសួង​ហត្ថពល​កម្ម​សិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធាន​ប្រតិភូក្រសួងការងារ​នៃរដ្ឋជាសមាជិកអាស៊ាន, រដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍ និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះដែរ រដ្ឋមន្រ្តី​/តំណាងប្រតិភូការងារមកពីបណ្ដាប្រទេស​ជាសមាជិក​អាស៊ាន ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការ​អនុវត្ត​នូវគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខ​សង្គម​សម្រាប់​ទេសន្តរប្រវេសករ ក្នុងតំបន់អាស៊ាន ដោយបានកំណត់ទិសដៅឱ្យ​ឧត្តម​មន្រ្ដីការងារអាស៊ាន (SLOM) ធ្វើការពិភាក្សាលម្អិតលើយន្ដការក្នុងការអនុវត្ត​បានយ៉ាងពេញលេញនូវគោលការណ៍ណែនាំអាស៊ាននេះ ដូចមាននៅក្នុងសេចក្តី​ថ្លែង​ការណ៍​រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី​២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារនៃបណ្ដាប្រទេស​អាស៊ានទាំងអស់ បានអនុម័តនូវ “សេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ” ដែលជាឯកសារ​គោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner