ក្រុងបាត់ដំបងទទួលពានជ័យលាភី និងប្រកាសទទួលស្គាល់ “ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
បាត់ដំបង៖ក្រុងបាត់ដំបង ខេត្តបាត់ដំបងត្រូវបានប្រកាសទទួលស្គាល់ និងទទួលបានពានជ័យលាភី “ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”។នេះជាសមិទ្ធផលថ្មីបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលខេត្តជង្រុកស្រូវ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍មួយនេះទទួលជោគជ័យក្នុងការប្រារព្ធពិធីបុណ្យអុំទូកនិងបណ្ដែតប្រទីបដ៏ធំមិនធ្លាប់មានកាលពីពេលថ្មីៗនេះដែរ។
ពិធីប្រកាសទទួលស្គាល់ និងទទួលបានពានជ័យលាភី “ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”បាន ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រីបណ្ឌិត អេដា ម៉ូដស៊ីរី( Ada Moad siri)តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា(WHO)ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក សង្កាត់ ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្ត យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
ទទួលបានសេចក្តីប្រកាសនិងពាន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ទុកពានរង្វាន់ជ័យលាភីនេះនឹងកាន់ តែជួយនិងផ្តល់ឱកាសឱ្យខេត្តបាត់ដំបង។ជាពិសេសក្រុងបាត់ដំបងកាន់តែមានមោទកៈលេចធ្លោនិងកាន់តែផ្តល់នូវភាព ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យកម្សាន្តខេត្តបាត់ដំបងកាន់តែច្រើនឡើង។
បន្ថែមទៅលើអ្វីដែលឯកឧត្តមអភិបាលខេត្តបាត់ដំបងបានលើកឡើង ឯកឧត្តម ហួត ហាក់ បានគូសរំលេចថា សមិទ្ធផល ដែលក្រុងបាត់ដំបងសម្រេចបាននៅថ្ងៃនេះ វាមិនត្រឹមតែជាការជំរុញឱ្យមានការអនុវត្តច្បាប់ស្តីពី “ការត្រួតពិនិត្យផលិត ផលថ្នាំជក់ ” និងលិខិតបទដ្ឋានគតិនានាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏បានបង្ហាញឱ្យឃើញពីការចូលរួមកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានក្នុងវិស័យទេសចរណ៍និងបង្កើនភាពជឿទុកចិត្តថែមមួយកម្រិតទៀត ក្នុងចំណោមភ្ញៀវទេសចរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ។
ឯកឧត្តមបានបន្តថា ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី “ការរៀបចំទីក្រុងទេសចរណ៍គ្មាន ផ្សែងបារី” ។គោលការណ៍នេះបានត្រួសត្រាយផ្លូវជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលអាចចូលរួមដោយផ្ទាល់ ក្នុងការរៀបចំខ្លួនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.