ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារ​អាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី

(សិង្ហបុរី)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍” នាថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួង​ហត្ថពលកម្ម​សិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារ​នៃរដ្ឋជាសមាជិកអាស៊ាន, រដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍ និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហេង សួរ បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាពនៃ​គោល​ការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម​សម្រាប់ទេសន្តរប្រវេសករ ក្នុងតំបន់អា​ស៊ាន ដែលត្រូវបានប្រមុខដឹកនាំអាស៊ានកត់​សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់​ព័ន្ធ នៅប្រទេសឡាវ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ​សហការ​ជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ជូនពលករទេសន្តរ​ប្រវេសន៍នៃបណ្ដាប្រទេសអាស៊ាន នូវលទ្ធភាពទទួលបានអត្ថប្រយោជន៍​នៃ​របបសន្តិសុខសង្គម ដោយមិនគិតពីការបម្លាស់ទីនៅក្នុងតំបន់ ដែលស្របនឹងមូល​បទ​របស់ប្រទេសសិង្ហបុរីឆ្នាំនេះ គឺ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍​”។ គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែជួយពង្រឹងសាមគ្គីភាព និងបរិយាប័នរបស់អាស៊ាន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់អាស៊ាននៅលើឆាក​អន្ដរជាតិ ពិសេសក្នុងការលើកកម្ពស់ស្តង់ដាការងារប្រកបដោយសុខុមាល​ភាពនៅក្នុងតំបន់ផងដែរ។

នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះដែរ រដ្ឋមន្រ្តី តំណាងប្រតិភូការងារមកពីបណ្ដាប្រ​ទេសជាសមាជិកអាស៊ាន ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការ​អនុវត្ត​នូវគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របប​សន្តិ​សុខ​សង្គម​សម្រាប់​ទេសន្តរប្រវេសករ ក្នុងតំបន់អាស៊ាន ដោយបានកំណត់ទិសដៅ​ឱ្យ​ឧត្តមមន្រ្ដីការងារអាស៊ាន (SLOM) ធ្វើការពិភាក្សាលម្អិត​លើយន្ដការក្នុងការ​អនុវត្តបានយ៉ាងពេញលេញនូវគោលការណ៍ណែនាំអាស៊ាននេះ ដូចមាននៅ​ក្នុងសេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារ​អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារនៃបណ្ដាប្រទេស​អាស៊ានទាំងអស់ បានអនុម័តនូវ “សេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ” ដែលជាឯកសារ​គោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner