ឯកឧត្តមអភិសន្តិបណ្ឌិត សរសើរលទ្ធផលការងារអន្តោប្រវេសន៍ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានលទ្ធផលការងារអន្តោប្រវេសន៍លេចធ្លោចំនួន៣ ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា​ផ្ទៃ បង្ហាញការចាប់អារម្មណ៍ និងថ្លែងសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេលជាង ១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់អំពីលទ្ធផល​ការងារទីមួយ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំង​រចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធផលការងារទីពីរ គឺការរៀបចំ​ផែន​ការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០២៤-២០២៨)។

លទ្ធផលលេចធ្លោទីបី ត្រូវបានប្រមុខក្រសួងមហាផ្ទៃ កត់សម្គាល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេត​និងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្រ្តី ការដំណើរការកម្មវិធីសាលកបត្រអេឡិចត្រូនិក  Cambodia e-Arrival  និងការផ្តល់សេវាអន្តោប្រវេសន៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ពីវេទិកាអធីបតីនៃពិធីសំណេះសំណាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីអន្តោប្រវេសន៍ទាំងអស់ យកចិត្តទុកដាក់ការ​វិភាគ​មុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីដឹងថាតើការងារជាងមួយឆ្នាំកន្លង​មកនេះ មានចំណុចខ្វះខាតអ្វីខ្លះ និងមានតម្រូវការអ្វីខ្លះ ព្រមទាំងរួមគ្នារិះរកវិធី​សាស្រ្ត​រឹតបន្តឹងការគ្រប់គ្រងជនបរទេស បន្ថែមលើយន្តការដែលមានស្រាប់ ដោយ​ផ្ដោតលើរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ស្វាយរៀង និងខេត្ត​បន្ទាយមានជ័យ ។

ឯកឧត្តមភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍​វត្តមាន​ជនបរទេសចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានា ដូចជាសណ្ឋាគារ និងផ្ទះសំណាក់ជាដើម ព្រមទាំងបានណែនាំឱ្យពង្រឹងការគោរព​វិន័យ គោរពការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងនោះដែរ មន្រ្តីជួរ​មុខតាមបណ្ដាកច្រកទ្វារដែលធាត់ខ្លាំង ឬមានក្បាលពោះធំ ត្រូវសម្រួលភារកិច្ចឱ្យ​មកធ្វើការនៅការិយាល័យ បើមិនព្រមធ្វើលំហាត់ប្រាណ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner