នាយករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរ
(ភ្នំពេញ)៖ យោងតាមសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ។ អនុសាសន៍សម្ដេចធិបតី រួមមាន៖
ទី១- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹងនិងពង្រីក ការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយធានាថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និងលទ្ធផល សិក្សារបស់សិស្សបានល្អប្រសើរ។
ទី២- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។
ទី៣-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យសក្តិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និង ផ្លូវកាយ។ ជាមួយគ្នានេះ ត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់កុមារ ដើម្បីកាត់ បន្ថយជំងឺនិងផលប៉ះពាល់លើសុខភាព និងឈានទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។
ទី៤- លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេសផងដែរ។
ទី៥- មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្ក លក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀននិងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព។
ទី៦- ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បាន អនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ទី៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមនិង គាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។
ទី៨- ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាមគ្រប់ លទ្ធភាព។
ទី៩- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀននិងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។
ទី១០- សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥ នេះ ទាំងអស់គ្នា។
ជាថ្មីម្តងទៀត សម្ដេចនាយករដ្ឋមន្ត្រី សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយ ឧបត្ថម្ភគាំទ្រនិងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប ៕
ដោយ ៖ វណ្ណលុក