ក្លឹបកីឡាសីដក់ក្រសួងការពារជាតិឈរចំណាត់លេខ១ដណ្តើមបានមេដាយមាស២គ្រឿងក្នុងការប្រកួតកីឡាជាតិលើកទី៤
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ សម្រាប់កីឡាសីដក់ គឺបានបញ្ចប់ការប្រកួតហើយ នាល្ងាចថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែ តុលា មកនៅសាលដំរី ក្នុងពហុកីឡាដ្ឋានជាតិមរតតេជោ ។
កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់និងឈានឡូនកម្ពុជា បានឱ្យដឹងថា កីឡាជាតិលើកទី៤នេះ សម្រាប់កីឡាសីដក់មានរាជធានីខេត្ត និងក្រសួងស្ថាប័នចូលរួមចំនួន៥មានដូចជា ខេត្តកណ្តាល ស្វាយរៀង ឧត្តរមានជ័យ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដោយប្រកួតលើ៣វិញ្ញា មានដូចជា វិញ្ញាសាបុរស៣ទល់៣ វិញ្ញាសាបុរស២ទល់២ និងវិញ្ញាសា នារី២ទល់២ សរុបប្រតិភូកីឡា គ្រូបង្វឹក កីឡាករនិងកីឡាការិនីចំនួន៧៦នាក់ ក្នុងនោះកីឡាការិនី២០នាក់។
ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈានឡូនកម្ពុជា បានថ្លែងលើកឡើងថា ថ្វីត្បិតការប្រកួតមានរយៈពេលតែ៤ថ្ងៃក៏ពិតមែន ប៉ុន្តែវាបានផ្តល់ឱកាសឱ្យ កីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយ ជ័យជម្នះដែលកីឡាករ កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ថ្លៃបាន ពីការខិតខំហ្វឹកហាត់ ជាប្រចាំ គួបផ្សំនិងការតស៊ូព្យាយាម គោរពវិន័យ ប្រកបដោយក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នៅក្នុងការប្រកួត។
ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា ប្រភេទកីឡាសីដក់ និងឈិនឡូន នៅកម្ពុជាកំពុងទទួលបានការចាប់ អារម្មណ៍ខ្លាំង និងមានការគាំទ្រជាបណ្តើរៗពីថ្នាក់ដឹកនាំ និងមហាជនទូទៅផងដែរ ។ ទន្ទឹមគ្នានេះផងដែរ សមត្ថភាពរបស់កីឡាករ កីឡាការិនី ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសមានការចូលរួមពីកីឡាករ កីឡាការិនី ជាយុវជន ជាថ្នាល និងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅអនាគត ដែលជាតម្រូវការចាំបាច់របស់ សហព័ន្ធ ។ ទន្ទឹមនិងនេះ កីឡាករកីឡាការិនីដែលទទួលបានជ័យលាភីសូមប្រឹងប្រែងដុះខាតសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ រីឯកីឡាករកីឡាការិនីដែលមិនទទួលបានជ័យលាភីក៏ត្រូវពង្រឹងសមត្ថភាពដែរ ដើម្បីអភិវឌ្ឍសមត្ថភាពត្រៀមដណ្តើមមេដាយនៅឆ្នាំក្រោយ មិនត្រូវអក់អន់ប្រពន់ចិត្តឡើយ ព្រោះកីឡាមានឈ្នះនិងចាញ់ ។
ក្នុងនាមប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា សូមយកឱកាសនេះ ថ្លែងអំណរគុណជូនដល់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់ មួយនេះ ឱ្យទទួលបាននូវភាពជោគជ័យតាមផែនការសកម្មភាពដែលបានគ្រោងទុក ។
សូបញ្ជាក់ថា ក្លឹបកីឡាសីដក់ក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១ ដោយប្រជែងដណ្តើមបានមេដាយមាស២គ្រឿង និងមេដាយប្រាក់១គ្រឿង ខណៈក្លឹបកីឡាសីដក់ក្រសួងមហាផ្ទៃឈរនៅចំណាត់លេខ២ប្រជែងដណ្តើមបានមេដាយមាស១គ្រឿងនិងមេដាយប្រាក់៣គ្រឿង ក្លឹបកីឡាសីដកខេត្តឧត្តរមានជ័យឈរនៅចំណាត់លេខ៣ ប្រជែងដណ្តើមបានមេដាយសំរិទ្ធិ២គ្រឿង និងក្លឹបកីឡាសីដក់ខេត្តស្វាយរៀង ឈរនៅចំណាត់លេខ៤ ប្រជែងដណ្តើមបានមេដាយសំរិទ្ធិ ១គ្រឿង៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ