សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមលើកកម្ពស់គុនខ្មែរ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងភាពរីកចម្រើននៃកីឡាគុនខ្មែរ ។ ការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណសម្រាប់ការរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមតារាបាល់ទាត់តារាកម្ពុជា និងក្រុមគុនខ្មែរនាល្ងាចនេះ។ សម្តេចតេជោ បានមានប្រសាសន៍សម្តែងនូវការអបអរសាទរ ចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ ១ពាន់លានរៀល កាលពីពេលកន្លងទៅនេះ ។
សម្ដេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។ សម្តេច ថា កីឡាគុនខ្មែរ នឹងរីកចម្រើនលូតលាស់ជាងនេះនាពេលខាងមុខ បើសិនជាមានការគាំទ្រឱ្យបានដិតដល់ជាងនេះទៀត។
សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍ពេក នឹងធ្វើឱ្យខូចកីឡាករ និងឆាប់ចុះខ្សោយកម្លាំង។ សម្តេច បានណែនាំឱ្យអ្នកគ្រប់គ្រងកីឡាករប្រដាល់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្គូរផ្គងកីឡាករ មិនអាចផ្គូរផ្គងឱ្យប្រកួតរាល់សប្តាហ៍នោះទេ មិនអាចចេះតែធ្វើតាមចំណង់ចំណូលចិត្តនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការខ្វះកីឡាករ កីឡាការិនីប្រដាល់ ព្រោះខ្វះខាតការបណ្តុះបណ្តាលជំនាញកីឡា។ សម្តេច បានស្នើឱ្យមានការពិចារណាជួយគាំទ្រ ការបណ្តុះបណ្តាលតាមបណ្តាក្លឹបគុនខ្មែរ នៅតាមខេត្តនានាទូទាំងប្រទេស។ សម្ដេច ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងដើម្បីភាពរីកចម្រើននៃកីឡាគុនខ្មែរយើងនាពេលខាងមុខ ។
ក្នុងឱកាសនេះ សម្តេចតេជោ ក៏បានមានប្រសាសន៍ឱ្យអ្នកជំនាញកីឡា ចុះទៅស្រាវជ្រាវ ពីបញ្ហាកីឡាប្រដាល់នៅខេត្តបាត់ដំបង ដែលខេត្តនោះមានក្រុមកីឡាករប្រដាល់ច្រើន មានក្លឹបហ្វឹកហាត់ក៏ច្រើន ហើយក៏មានការប្រកួតច្រើនណាស់ដែរ ប៉ុន្តែតម្លៃខ្លួនតិចតួចបំផុត ។
ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានធនធាន ដូចជា៖ ប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រីជាដើម សូមជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត ។
សម្តេចបានបញ្ជាក់ដូច្នេះថា ខ្ញុំសូមស្នើអញ្ចេះ ឧទាហរណ៍ថា ក្រុមហ៊ុនមួយជួយ ១ក្លឹប ឬឧកញ៉ាម្នាក់ ជួយមួយក្លឹប ឬឧបនាយករដ្ឋមន្រ្តីម្នាក់ ជួយមួយក្លឹប ខ្ញុំគិតថា ធ្វើទៅរួច យើងអាចធ្វើកិច្ចការងារនេះបាន ។ សម្តេចបានបន្តថា៖ ក្មួយៗយុវជនរបស់យើង កុំបោះបង់ចោលការសិក្សា អីចឹងវិធីតែមួយគត់ គឺយើងពង្រឹងក្លឹបដែលមាន ហើយប្រាក់បានជាង ១ពាន់លាននេះ ជាប្រាក់ដែលគុនខ្មែរ នឹងជួយយកទៅពង្រឹងតាមក្លឹប ប៉ុន្តែគ្មាននិរន្តរភាពទេ ។ នេះគ្រាន់តែជាការទាត់បាល់ ដើម្បីទទួលបានប្រាក់ចំណូល ហើយប្រាក់យកទៅឧបត្ថម្ភម្តងម្កាល ប៉ុន្តែបើមានក្រុមហ៊ុនណាមួយ ដូចជា ៖ ក្រុមហ៊ុនជីបម៉ុងជាដើម ទៅជួយដល់ក្លឹបណាមួយនៅឯខេត្តបាត់ដំបង ឬខេត្តណាមួយតាមដែលចិត្តចង់ គឺវាធានានិរន្តរភាព ។
សម្តេចបន្ថែមថា ក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុន ប៉េង ហួតជាដើម ហើយបើសិនជាមានឧបនាយករដ្ឋមន្រ្តី ជួយឧបត្ថម្ភមួយក្លឹប នោះនឹងកាន់តែល្អប្រសើរថែមទៀត ។ ទោះជាយ៉ាងនេះក្តី សម្រាប់សម្តេចផ្ទាល់ សម្តេច នឹងមិនឈរឧបត្ថម្ភសម្រាប់ក្លឹបណាមួយនោះទេ សម្តេចសុខចិត្តនៅឈរពីក្រោយវិញ ដោយសង្ឃឹមថា តាមរយៈវិធីសាស្ត្របែបនេះ កម្ពុជានឹងអាចធ្វើបាន ហើយក្នុង ១ខែៗ ការឧបត្ថម្ភបែបនេះ ក៏មិនមែនជាចំណាយដែលធំនោះដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត